(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង Rodong Sinmun បានក្រើនរំលឹកពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រយ័ត្នចំពោះការឆ្លងរាតត្បាត COVID-19 ខណៈចំនួនករណីឆ្លងជំងឺនេះបានកើនរហូតដល់ ១០០លាននាក់ហើយ។ នេះបើតាមការដកស្រង់ព័ត៌មាន នាព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

កាសែត Rodong Sinmun បានចុះផ្សាយយ៉ាងដូច្នេះថា «ការរាតត្បាតវីរុសកូរ៉ូណា បានឈានដល់ចំនួន ១០០លាននាក់ហើយ ដោយក្នុងនោះមនុស្ស ២.១៤លាននាក់បានស្លាប់។ យើងត្រូវតែប្រុងប្រយ័ត្ន និងបង្កើនកិច្ចប្រឹងប្រែងទប់ស្កាត់មេរោគកូរ៉ូណានេះ ឲ្យបានឆាប់រហ័សជាងពេលណាៗទាំងអស់»។ Rodong Sinmun ក៏បានជំរុញឲ្យពលរដ្ឋធ្វើការទប់ស្កាត់ COVID-19 ឲ្យបានខ្លាំងក្លាដូចជាធ្វើសង្គ្រាមផងដែរ។

ប្រទេសកូរ៉េខាងជើងនៅតែអះអាងជានិច្ចថា ខ្លួនគ្មានករណីឆ្លង ឬស្លាប់ដោយសារតែ COVID-19 នោះឡើយ។ ទោះជាបែបនេះក្តី ប្រទេសមានព្រំដែនជាប់ចិន រុស្ស៊ី និងកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេមើលឃើញថា កំពុងអនុវត្តវិធានការការពារយ៉ាងតឹងរ៉ឹងបំផុតដូចជា ពាក់ម៉ាស, សម្អាតអនាម័យ និងរក្សាគម្លាតសុវត្ថិភាព បូករួមជាមួយការត្រួតពិនិត្យច្រកព្រំដែនផងដែរ។ កាលពីខែធ្នូ ឆ្នាំ២០២០ កូរ៉េខាងជើងបានប្រកាសផ្អាក សកម្មភាពសាធារណៈមួយចំនួន និងរឹតត្បិតការចេញ-ចូលរដ្ឋធានីព្យុងយ៉ាង៕