(ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ ចំណុះឲ្យក្រុមប្រឹក្សារដ្ឋចិន លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) នៅថ្ងៃពុធនេះបានប្រកាសថា ប្រទេសចិនបានហាមឃាត់ការនាំចូលផលិតផលសាច់សត្វ ដែលផលិតនៅកោះតៃវ៉ាន់ ឬដឹកជញ្ជូនតាមកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

លោកស្រី Zhu Fenglian បានធ្វើការឆ្លើយតប ទៅនឹងការព្រួយបារម្ភរបស់អ្នកនិយមអ៊ីនធើណិតមួយចំនួនថា ការនាំចូលសាច់ជ្រូក និងសាច់គោអាមេរិកដោយកោះតៃវ៉ាន់ ដែលមានបន្ថែមសារជាតិ រ៉ាក់តូផាមីន (Ractopamine) នឹងត្រូវហូរចូលទីផ្សារប្រទេសចិន។ នៅក្នុងកោះតៃវ៉ាន់ផ្ទាល់ បក្សប្រឆាំងនៅលើកោះនេះបានរិះគន់ខ្លាំងៗ ចំពោះរដ្ឋាភិបាលលោកស្រី ត្សៃ អ៉ីងវិន ដែលបានអនុញ្ញាតឲ្យនាំចូលសាច់ពីអាមេរិកមានផ្ទុកសារធាតុ Ractopamine ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។

ជុំវិញបញ្ហានេះ លោកស្រី Zhu បានសង្កត់ធ្ងន់ថា អាជ្ញាធរពាក់ព័ន្ធរបស់ចិន បានបង្កើនការត្រួតពិនិត្យលើបញ្ហានេះ ហើយសម្រាប់ប្រជាជនចិនណា ដែលរកឃើញផលិតផលសាច់សត្វពីកោះតៃវ៉ាន់ អាចរាយការណ៍ទៅអ្នកត្រួតពិនិត្យបាន៕