(ប៉េកាំង)៖ យោធាចិន នៅថ្ងៃសុក្រនេះ បានទទួលស្គាល់ជាលើកដំបូងថា កងទ័ពរបស់ខ្លួន៤នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចដោយហិង្សាជាមួយ កងទ័ពឥណ្ឌា កាលពីឆ្នាំ២០២០កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិចិនបានគូសបញ្ជាក់ដូច្នេះថា៖ «កងទ័ពចិន៤នាក់បាន បានពលីជីវិត កំឡុងការប្រឈមមុខដាក់គ្នាកាលពីខែមិថុនា (ឆ្នាំ២០២០) នៅឯតំបន់ជម្លោះព្រំដែនហ្គាល់វ៉ាន់ (Galwan) ជាមួយយោធាបរទេសដែលបានបំពាន កិច្ចព្រមព្រៀង និងឆ្លងចូលទឹកដីចិនដោយខុសច្បាប់»

គួរបញ្ជាក់ថា ក្រោយការប៉ះទង្គិចគ្នានៅឯតំបន់ជម្លោះព្រំដែន កាលពីខែមិថុនា ឆ្នាំ២០២០ ឥណ្ឌាបានអះអាងភ្លាមៗថាកងទ័ពរបស់ខ្លួន២០នាក់ បានស្លាប់។ ចិន នៅពេលនោះ ក៏បានអះអាងដែរថាកងទ័ពរបស់ខ្លួន មានអ្នកស្លាប់ និងរបួស តែមិនបានបញ្ជាក់ពីតួលេខឡើយ៕