(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងសេអ៊ូលកំពុងរិះរកគ្រប់វិធីផ្សេងៗ ដើម្បីផ្តល់ស្បៀងអាហារ និងជីកសិកម្ម ដល់កូរ៉េខាងជើង ក្រោមក្របខណ្ឌជំនួយមនុស្សធម៌ ខណៈទីក្រុងព្យុងយ៉ាងត្រូវបានគេជឿជាក់ថាកំពុងប្រឈមមុខការខ្វះខាតស្បៀងអាហារ។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្រ្តីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក លី អ៉ីនយ៉ាង (Lee In-young) បានគូសបញ្ជាក់ប្រាប់សមាជិកសភាថាកូរ៉េខាងជើង កំពុងប្រឈមមុខការខ្វះខាត ស្បៀងអាហារប្រហែល ១.២លានទៅ ១.៣លានតោន ក្នុងឆ្នាំ២០២១នេះ ដែលភាគច្រើនវាបានខូចខាតដោយសារតែភ្លៀងធ្លាក់ខ្លាំង កាលពីឆ្នាំ២០២០កន្លងទៅ។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោកស្រី លី ជុង ជូ (Lee Jong-joo) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដូច្នេះថា៖ «ជំហររបស់យើង នៅតែដដែល ដែលបញ្ហាមនុស្សធម៌ ដូចជាការកង្វះស្បៀងអាហារគួរតែត្រូវបានដោះស្រាយដោយមិនគិតពីស្ថានភាពនយោបាយ និងយោធាឡើយ»។ តែលោកស្រី បានកត់សម្គាល់ថា ក្រសួងមិនមានផែនការជាក់លាក់នៅពេលនេះទេថា តើចំនួនប៉ុន្មាន និងពេលណា នឹងធ្វើការផ្តល់ជំនួយដល់ប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទីហ្វុង និងទឹកជំនន់កាលពីរដូវក្តៅមុន ដោយវាបានបំផ្លិចបំផ្លាញតំបន់កសិកម្មសំខាន់ៗ របស់ប្រទេសនេះដែលកំពុងជួបលំបាកស្រាប់ហើយក្នុងការធានាបាននូវជំនួយពីខាងក្រៅ និងសម្ភារៈកសិកម្មផ្សេងទៀតដោយសារតែការបិទព្រំដែនដែលបង្ករឡើង ដោយការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19)។

កូរ៉េខាងជើង បានបដិសេធម្តងហើយម្តងទៀតនូវសំណើរសុំផ្ដល់ជំនួយពីប្រទេសកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយការខ្វះខាតចំណីអាហាររបស់ខ្លួន ចំពេលទំនាក់ទំនង រវាងប្រទេសទាំងពីរកំពុងជាប់គាំង។ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានទទូចដល់មន្រ្តីរបស់គាត់មិនឲ្យទទួលយកជំនួយពីខាងក្រៅផងដែរ ដោយសារតែការព្រួយបារម្ភអំពីការឆ្លងរីករាលដាល COVID-19 ចូលក្នុងប្រទេស៕