(យេរូសាឡិម)៖ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានបង្ហាញថា ដូសដំបូងនៃវ៉ាក់សាំង Pfizer-Bio-Tech មានប្រសិទ្ធភាព ៨៥ភាគរយក្នុងការបង្ការជំងឺ COVID-19 នៅចន្លោះពី ២ទៅ ៤សប្តាហ៍បន្ទាប់ពីការចាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទីកុម្ភៈ ឆ្នាំ២០២១។

ការសិក្សានេះត្រូវបានធ្វើឡើងលើបុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យធំបំផុតមួយនៅប្រទេសអ៊ីស្រាអែល ដែលកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ ដែលត្រូវបានគេចាត់ទុកថាលឿនជាគេបំផុតនៅលើពិភពលោក។

ការសិក្សារបស់អ៊ីស្រាអែលបានរកឃើញទៀតថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពរហូតដល់ ៩៥ភាគរយក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីការចាក់ដូសទី២។

លោក Gili Regev-Uchi ដែលជាសហអ្នកនិពន្ធនៃការសិក្សាបានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីដែលយើងកំពុងមើលឃើញគឺថា បន្ទាប់ពី(ការចាក់វ៉ាក់សាំង)បាន ២សប្តាហ៍មានប្រសិទ្ធភាពខ្ពស់ណាស់ ។ ពោលនៅចន្លោះពី ២ទៅ ៤សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង ពិតជាមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៨៥ភាគរយ សម្រាប់ការកាត់បន្ថយការឆ្លងរោគ»។

គួរបញ្ជាក់ថា បើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល បានបង្ហាញថា អ៊ីស្រាអែលបានចាក់វ៉ាក់សាំង Pfizer-BioNTech ជូនដល់ប្រជាជនចំនួន ៤.២៣លាននាក់ ឬស្មើរនឹង ៤៧ភាគរយនៃប្រជាជនសរុប ៩លាននាក់របស់ខ្លួន ដែលក្នុងនោះ ២.៨៥លាននាក់បានទទួលចាក់ដូសទី២ រួចរាល់៕