(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានបានសន្យាថា សហភាពអឺរ៉ុបនឹងផ្ដល់ជំនួយមនុស្សធម៌ ១០០លានអឺរ៉ូ ឬស្មើនឹង ១២១លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅក្នុងតំបន់អាហ្វ្រិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ផងដែរថា មូលនិធិខាងលើ នឹងគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងបណ្ដាប្រទេសដែលត្រូវការជាចាំបាច់ នូវជំនួយមនុស្សធម៌ និងមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។
ការប្រកាសខាងលើនេះ ធ្វើឡើងចំពេលសហភាពអឺរ៉ុប កំពុងត្រៀមបង្កើនការផ្ដល់ជំនួយដល់ ១ពាន់លានអឺរ៉ូសម្រាប់កម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។ COVAX គឺជាគំនិតផ្ដួចផ្ដើមមួយ មានគោលដៅធានាឱ្យបាននូវ ការទទួលបានវ៉ាក់សាំងប្រកបដោយតម្លាភាព នៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ មានបេក្ខភាពវ៉ាក់សាំងចំនួន ២៥១ កំពុងត្រូវបានអភិវឌ្ឍនៅជុំវិញពិភពលោក ហើយក្នុងចំណោមបេក្ខភាពវ៉ាក់សាំងទាំងនេះមាន ៧០ កំពុងស្ថិតនៅក្នុងការធ្វើតេស្ដលើមនុស្ស នៅតាមបណ្ដាប្រទេសដូចជា អាល្លឺម៉ង់ ចិន រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម៕