(វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា ខ្លួនមិនមានគម្រោងអញ្ជើញប្រទេសរុស្ស៊ី ឱ្យចូលរួមជាមួយក្រុមប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ហៅកាត់ថា G7 វិញនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា រាល់ការអញ្ជើញឱ្យប្រទេសរុស្ស៊ីចូលរួម ជាមួយក្រុមប្រទេស G7 វិញនោះ នឹងត្រូវធ្វើឡើងប្រសិនបើសមាជិកទាំងអស់ នៃក្រុមនេះមានការឯកភាពគ្នា។

បច្ចុប្បន្ននេះ ក្រុមប្រទេស G7 កំពុងរៀបចំជួបជុំគ្នាតាមប្រព័ន្ធអនឡាញ ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញខ្លួន ក្នុងវេទិកាជាលក្ខណៈអន្តរជាតិលើកដំបូង បន្ទាប់ពីបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ពីដំបូងឡើយ ក្រុមប្រទេសទាំងនេះត្រូវបានគេស្គាល់ថា ជាក្រុមប្រទេស G8 រួមមានសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស បារាំង អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន និងរុស្ស៊ី ប៉ុន្តែរុស្សីត្រូវបានបណ្ដេញចេញ ហើយវាត្រូវបានកាត់បន្ថយទៅជាក្រុមប្រទេស G7 វិញកាលពីឆ្នាំ២០១៤ បន្ទាប់ពីរុស្ស៉ីត្រូវបានគេចោទប្រកាន់ថា បានក្រសោបយកតំបន់ឧបទ្វីបគ្រីមៀ (Crimea) ពីប្រទេសអ៊ុយក្រែន (Ukraine) ដោយខុសច្បាប់។

គួរបញ្ជាក់ថា ការក្រសោបយកតំបន់ឧបទ្វីប Crimea ពីប្រទេសអ៊ុយក្រែន បានបង្កឱ្យមានការរំជើបរំជួលជាអន្តរជាតិ និងបង្កឱ្យមានការដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់លើទីក្រុងម៉ូស្គូ។ ភ្លាមៗបន្ទាប់ពីការក្រសោបយកនេះ សង្គ្រាមមួយក៏បានផ្ទុះឡើង នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន រវាងក្រុមកងកម្លាំងរដ្ឋាភិបាល និងក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីផងដែរ៕