(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថាប្រទេសមហាអំណាចមួយនេះ បានឆ្លងកាត់ពេលវេលាដ៏សោកសៅមួយ ដែលបានកត់ត្រានូវចំនួនអ្នកស្លាប់ ដោយសារជំងឺរាតត្បាតសកល COVID-19 ជាង ៥០០,០០០នាក់ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ បន្ទាប់ពីមានការឆ្លងរាតត្បាត ដោយបានអះអាងថា ខ្លួនជាប្រទេសរងគ្រោះធ្ងន់ជាងគេបង្អស់។ នេះបើតាមការចេញផ្សាយ ដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមទិន្នន័យសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក គិតត្រឹមរសៀលថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ២៨លានករណី និងអ្នកស្លាប់ជាង ៥០០,០០០នាក់ ដែលវាប្រហែលជាស្មើនឹង ១៩ភាគរយ នៃចំនួនអ្នកស្លាប់សរុបនៅទូទាំងពិភពលោក ខណៈប្រទេសនេះ មានចំនួនប្រជាជនត្រឹមតែ ៤ភាគរយនៃចំនួនប្រជាជនពិភពលោកតែប៉ុណ្ណោះ។ ដូច្នេះសហរដ្ឋអាមេរិក គឺជាប្រទេសមួយដែលមានអត្រាស្លាប់ខ្ពស់បំផុត។

ជុំវិញបញ្ហានេះ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៉ី (Anthony Fauci) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន ABC News នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Good Morning America ថា «ចំនួនទាំងនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់។ ប្រសិនបើយើងក្រឡេកមើលត្រឡប់ទៅក្រោយវិញ យើងមានសភាពអាក្រក់ជាងប្រទេសដទៃទៀតខ្លាំងណាស់ ខណៈយើងជាប្រទេសមហាអំណាចមួយ»

លោក Fauci បានគូសបញ្ជាក់ប្រាប់បន្ថែមថា វីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានមកដល់សហរដ្ឋអាមេរិក ខណៈប្រទេសនេះត្រូវបានរៀបចំឡើង ដោយមានការបែងចែកផ្នែកនយោបាយ ទៅលើវិធានការពាក់ម៉ាស។ ប៉ុន្តែបើទោះជាមានការប្រកាន់ខ្ជាប់យ៉ាងខ្លាំង ចំពោះវិធានការសុខភាពសាធារណៈក៏ដោយ ក៏បណ្តាប្រទេសមួយចំនួន ដូចជាអាល្លឺម៉ង់ និងអង់គ្លេស នៅតែពិបាកទប់ស្កាត់នឹងវីរុសនេះដែរ។ នេះបើតាមការបញ្ជាក់ពីលោក Fauci។

គួរបញ្ជាក់ថា នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យបង្ហូតទង់ជាតិ មកនៅត្រឹមពាក់កណ្ដាល រហូតដល់ថ្ងៃលិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយសំឡេងជួងនៅឯព្រះវិហារជាតិ នៃទីក្រុងវ៉ាស៉ីនតោនត្រូវបន្លឺឲ្យបាន ៥០០ដង ដើម្បីជានិមិត្តរូបតំណាងឱ្យ អ្នកស្លាប់ទាំងជាង ៥សែននាក់៕