(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី រ៉េតណូ ម៉ាស៊ីឌី (Retno Marsudi) នៅថ្ងៃអង្គារនេះបាននិយាយថា ការធ្វើអន្តរកាលរបស់មីយ៉ាន់ម៉ា ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យជាថ្មីឡើងវិញ ក្រោយរដ្ឋប្រហារយោធាដែលបានផ្ទុះឡើងកាលពីដើមខែនេះ គួរប្រព្រឹត្តទៅស្របតាមការចង់បាន របស់ប្រជាជនមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ីបានប្រាប់ Reuters យ៉ាងដូច្នេះថា «ការធ្វើអន្តរកាលទៅរកប្រជាធិបតេយ្យវិញ គួរតែធ្វើឡើងដោយស្របទៅតាម ការចង់បានរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ ឥណ្ឌូណេស៉ីពិតជាខ្វល់ខ្វាយជាខ្លាំង អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយគាំទ្រជានិច្ចចំពោះប្រជាជនមីយ៉ាន់ម៉ា... សុខុមាលភាព និងសន្តិសុខរបស់ពលរដ្ឋមីយ៉ាន់ម៉ា គឺជាអាទិភាពចម្បងគេបង្អស់»

ដោយឡែក ក្រសួងការបរទេសឥណ្ឌូណេស៉ី បានសុំមិនបញ្ចេញមតិថា តើខ្លួនចង់ឲ្យយោធាមីយ៉ាន់ម៉ា គោរពលទ្ធផលការបោះឆ្នោតសកល កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែរឬក៏អត់ទេ ប៉ុន្តែអ្នកនាំពាក្យម្នាក់បាននិយាយថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) ធ្លាប់បានសម្តែងការអបអរ ចំពោះជ័យជម្នះរបស់លោកស្រី អោង សាន ស៊ូ ជី នាពេលនោះ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី បានចេញធ្វើការលើកឡើងដូចខាងលើ បន្ទាប់ពីក្រុមបាតុករមីយ៉ាន់ម៉ា បានបង្ហាញការខឹងសម្បារ ចំពោះសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលថា ឥណ្ឌូណេស៉ីកំពុងខ្នះខ្នែងជំរុញគម្រោងមួយ សំដៅចង់ឲ្យអាស៊ានបញ្ចូនក្រុមអ្នកឃ្លាំមើល ដើម្បីធានាថាយោធាមីយ៉ាន់ម៉ា រៀបចំការបោះឆ្នោតថ្មីមួយប្រកបដោយតម្លាភាព តាមការសន្យា។

យ៉ាងណាមិញ ក្រុមបាតុករមីយ៉ាន់ម៉ាមិនទទួលស្គាល់ ការឡើងកាន់អំណាចរបស់យោធា ដោយការទម្លាក់រដ្ឋាភិបាកលោកស្រី ស៊ូ ជី នោះទេ ហើយចង់ឲ្យស្តាររដ្ឋាភិបាលស៉ីវិលដែលជាប់ឆ្នោតវិញជាបន្ទាន់។ ដូច្នេះហើយក្រុមបាតុករខ្លះ ថែមទាំងបានប្រកូកប្រកាស ឲ្យមានការប្រមូលផ្តុំគ្នាតវ៉ា នៅស្ថានទូតឥណ្ឌូណេស៉ីប្រចាំមីយ៉ាន់ម៉ាទៀតផង។ ទាក់ទងនឹងការរាយការណ៍ អំពីគម្រោងរបស់ឥណ្ឌូណេស៉ី ដែលចង់ឲ្យអាស៊ានដើរតួជាអ្នកសម្របសម្រួល រវាងយោធាមីយ៉ាន់ម៉ា និងក្រុមបាតុករ ក៏ក្រសួងការបរទេសឥណ្ឌូណេស៉ី បានសុំមិនផ្តល់ការអត្ថាធិប្បាយអ្វីដែរ៕