(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារនេះបានប្រកាសថា បុគ្គលិកសុខាភិបាលវៀតណាមប្រហែល ៦០ម៉ឺននាក់ និងក្រុមបុគ្គលិកជួរមុខផ្សេងទៀត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា (COVID-19) នឹងក្លាយជាក្រុមអាទិភាពដំបូងគេ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំង COVID-19 នេះនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមផែនការដែលបានប្រកាស ដោយក្រសួងសុខាភិបាលវៀតណាម ស្តីពីការបែងចែកវ៉ាក់សាំង COVID-19 ដែលបានផ្តល់ឱ្យដោយយន្ដការ COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ក្រុមអាទិភាពទាំង ១១ រួមមានទាំងមន្ត្រីគយ, គ្រូបង្រៀន, ប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំ មនុស្សពេញវ័យដែលមិនមានជំងឺរុំារ៉ៃ និងអ្នកប្រឈមមុខដទៃទៀតផងដែរ។ ផែនការនេះមានគោលបំណងចាក់វ៉ាក់សាំងជូនដល់ ក្រុមអាទិភាពទាំងនោះប្រហែល ៩៥ភាគរយនៅត្រឹមចុងឆ្នាំ២០២២ ខាងមុខនេះ។

ជាក់ស្តែងវ៉ាក់សាំង COVID-19 ចំនួន ១.២លានដូសត្រូវបានគេរំពឹងថា នឹងត្រូវផ្តល់ការចាក់ជូនដល់ក្រុមអាទិភាពទាំងនោះ នៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១នេះ ខណៈវ៉ាក់សាំងប្រហែល ៣.៦លានដូសទៀត នឹងត្រូវផ្ដល់ការចាក់ជូនដល់ប្រជាជនប្រមាណ ១.៨លាននាក់ទៀតនៅក្នុងត្រីមាសទី២។ បើតាមផែនការដដែលបានឱ្យដឹងថា នៅឆមាសទី ២ នៃឆ្នាំ២០២១នេះ ប្រជាជនជាង ១៦លាននាក់ត្រូវបានរំពឹងថា នឹងទទួលបានការចាក់វ៉ាក់សាំងនេះ។

កន្លងមក ប្រទេសវៀតណាមទទួលបានវ៉ាក់សាំង COVID-19 ចំនួន ៦០លានដូសពីកម្មវិធី COVAX និងក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca។ បើតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ខ្លួនក៏កំពុងបង្កើនការចរចាជាមួយប្រទេសដទៃទៀត ដើម្បីធានាបាននូវវ៉ាក់សាំងប្រហែល ១៥០លានដូសទៀតសម្រាប់ ៧០ភាគរយ នៃចំនួនប្រជាជននៅក្នុងប្រទេស នៅឆ្នាំ២០២១នេះផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានបេក្ខភាពវ៉ាក់សាំង COVID-19 ក្នុងស្រុកចំនួនបួន ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ ដែលក្នុងនោះមានបេក្ខភាពវ៉ាក់សាំងចំនួនពីរ ដែលបានឈានចូលដល់ដំណាក់កាល ធ្វើតេស្តសាកល្បង។ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៣៩២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៧១៧នាក់៕