(ស៊ីដនី)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកស្រី លីនដា រេណុលស៍ (Linda Reynolds) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅថ្ងៃពុធនេះ ដោយមានបញ្ហាសសៃឈាមបេះដូង និងកំពុងសម្រាកព្យាបាល ក្រោមស្ថានភាពនឹងនរឡើងវិញ។ នេះបើតាមប្រភពពីក្រសួងការពារជាតិអូស្ត្រាលី ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិអូស្ត្រាលី បានបញ្ជាក់យ៉ាងដូច្នេះថា «លោកស្រី Linda Reynolds ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋធានីកង់បេរ៉ា (Canberra Hospital) ហើយលោកស្រីនឹងត្រូវសម្រាកពីការងារមួយរយៈ ដោយសារតែជំងឺ»។ ក្រសួងការពារជាតិអូស្ត្រាលី មិនបានបញ្ជាក់អ្វីលម្អិតនោះទេ ដោយគ្រាន់តែឱ្យដឹងថា លោកស្រី Reynolds មានបញ្ហាសសៃឈាមបេះដូង និងកំពុងស្ថិតក្រោមស្ថានភាពនឹងនរ ដោយមិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ។

គួរបញ្ជាក់ថា លោកស្រី Linda Reynolds អាយុ ៥៥ឆ្នាំ បច្ចុប្បន្នកំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ហើយប្រឈមមុខនឹងការអំពាវនាវ ឱ្យលោកស្រីលាលែងចេញពីតំណែង បន្ទាប់ពីមានការចោទប្រកាន់លើបុគ្គលិកម្នាក់ នៃការិយាល័យរបស់លោកស្រី ជុំវិញការរំលោភសេពសន្ថវៈ៕