(ហ្សាការតា)៖ ក្រសួងការបរទេសឥណ្ឌូណេស៊ីបានប្រកាសថា បើទោះបីជារដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានស្វាគមន៍ចំពោះគំនិត នៃការទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ាក៏ពិតមែន ក៏ពេលនេះមិនទាន់ជាវេលាសមរម្យ ដែលត្រូវធ្វើដូច្នេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌូណេស៊ី បានកើតមានឡើងបន្ទាប់ពីព័ត៌មានបែកធ្លាយមួយ ត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី រ៉េតណា ម៉ាស៊ូទី (Retna Marsudi) កំពុងរៀបចំគម្រោង ដើម្បីចេញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅក្នុងថ្ងៃព្រហស្បតិ៍ស្អែកនេះ ដែលនឹងក្លាយការបំពេញទស្សនកិច្ចដំបូងបំផុត គិតចាប់តាំងពីការផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធាដែលបានទម្លាក់ រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី។

ជុំវិញបញ្ហាខាងលើនេះ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រកាសប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងថ្ងៃពុធនេះថា «លោកស្រីរដ្ឋមន្ត្រីការបរទេស បើកចំហជានិច្ចចំពោះជម្រើស ក្នុងការទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីណៃពីដោ ដើម្បីជួយស្វែងរកដំណោះស្រាយថ្នាក់តំបន់ តំណាងឲ្យសមាគមអាស៊ាន... ប៉ុន្តែវាមិនមែនជាពេលសមរម្យឡើយ នៅក្នុងការរៀបចំដំណើរទស្សនកិច្ច ទៅកាន់មីយ៉ាន់ម៉ានៅក្នុងពេលនេះ»

យ៉ាងណាក៏ដោយ ក្រសួងការបរទេសឥណ្ឌូណេស៊ីបានបដិសេធ ចំពោះសេចក្តីរាយការណ៍ព័ត៌មានដោយ Reuters កាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលថា ផែនការបំពេញទស្សនកិច្ចរបស់ឥណ្ឌូណេស៊ី គឺស្ថិតក្នុងគោលដៅជួយយោធាមីយ៉ាន់ម៉ា ដើម្បីរៀបចំការបោះឆ្នោតថ្មីមួយ ទៅតាមការសន្យានៅក្រោយរដ្ឋប្រហារ។ ឥណ្ឌូណេស៊ីក្នុងនាមជាប្រទេសធំជាងគេនៅអាស៊ាន បានសន្យាចូមរួមដោះស្រាយបញ្ហា ហើយខ្លួនក៏បានប្តេជ្ញាធ្វើការងារ ជាមួយភាគីពាក់ព័ន្ធទាំងអស់ នៅមីយ៉ាន់ម៉ាផងដែរ៕