(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីលោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិក និងកាណាដាគឺជាមិត្តល្អនឹងគ្នា ខណៈនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ក៏បានចាត់ទុកដែរថាមិត្តភាពរវាងប្រទេសទាំង២មានភាពអស្ចារ្យបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ភាពផ្អែមល្ហែមរវាងលោក បៃដិន និងលោក ទ្រូដូ ត្រូវបានបង្ហាញនៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញនៅថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលសហរដ្ឋអាមេរិក និងកាណាដា កំពុងព្យាយាមបើកទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំង២ ដែលបានល្អក់កករនឹងគ្នា នៅក្រោមរដ្ឋបាលដឹកនាំដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។

ថ្លែងនាឱកាសនោះ លោក បៃដិន បានលើកឡើងត្រង់ៗដូច្នេះថា៖ «សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណាជាងកាណាដានោះឡើយ...ហើយយើងនឹងកាន់តែអស្ចារ្យ នៅពេលសហរដ្ឋអាមេរិក និងកាណាដា ធ្វើការងាររួមគ្នា និងឆ្ពោះទៅមុខជាមួយគ្នា»

គួរបញ្ជាក់ថា ក្រៅពីទំនាក់ទំនងទ្វេភាគី នៅក្នុងជំនួបនោះដែរ លោក បៃដិន និងលោក ទ្រូដូ ក៏បានពិភាក្សាលើបញ្ហា និងក្ដីកង្វល់រួមមួយចំនួនផងដែរ ក្នុងនោះរួមមាន ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ,វេណេស៊ុយអេឡា សេដ្ឋកិច្ចក្នុងតំបន់អាមេរិកខាងជើង និងតំបន់អាក់ទិច ព្រមទាំងទំនាក់ទំនងជាមួយចិន៕