(វ៉ាស៉ីនតោន)៖ នាយសេនាធិការរងចម្រុះកងទ័ពអាមេរិក លោកនាយឧត្ដមសេនីយ៍ ចន ហាយធិន (John Hyten) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអះអាងថា សមត្ថភាពប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិក គឺផ្តោត «យ៉ាងច្បាស់» ទៅលើប្រទេសកូរ៉េខាងជើង ដោយវាត្រូវតែបន្តអភិវឌ្ឍដើម្បីឆ្លើយតប ទៅនឹងការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមលោកនាយឧត្តមសេនីយ៍ ចន ហាយធិន (John Hyten) កូរ៉េខាងជើងអាចបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាមេរិក ខណៈប្រទេសឯកោមួយនេះ មានអាវុធដែលអាចប្រឆាំងនឹងសហរដ្ឋអាមេរិក។

លោក ចន ហាយធិន បានគូសបញ្ជាក់ប្រាប់នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រុមអ្នកជំនាញដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន គឺមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដូច្នេះថា៖ «សមត្ថភាពប្រព័ន្ធខែលការពារមីស៊ីលជាតិរបស់យើង នាពេលបច្ចុប្បន្ននេះ គឺផ្តោតយ៉ាងច្បាស់ទៅលើកូរ៉េខាងជើង មិនមែនផ្តោតទៅលើប្រទេសចិន រុស្ស៊ី និងអ៉ីរ៉ង់នោះទេ»។ លោកបន្ថែមទៀតថា៖ «យើងកំពុងចាប់ផ្តើមសំឡឹងមើលទៅអ៉ីរ៉ង់ ពីព្រោះប្រទេសនោះនៅតែបន្តផលិតមីស៊ីលរបស់ពួកគេ ហើយយើងអាចឆ្លើយតបចំពោះបញ្ហានោះបាន»។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែសង្កត់ធ្ងន់ពី តម្រូវការដ៏រឹងមាំមួយ ដើម្បីបន្តរក្សា និងអភិវឌ្ឍសមត្ថភាពការពារប្រឆាំងនឹងកូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានផ្អាកដំណើរការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មកម្លេះ។ ប៉ុន្តែ កូរ៉េខាងជើងបានបង្ហាញមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយបំផុត និងធំបំផុតរបស់ខ្លួននៅក្នុងព្យុហយាត្រាយោធាដ៏សម្បើមមួយដែលបានប្រារព្ធឡើង កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ដើម្បីអបអរខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករដែលកំពុងកាន់អំណាចរបស់ខ្លួន។ ប្រទេសនេះក៏បានបង្ហាញនូវ មីស៊ីលផ្លោងដែលបាញ់ដោយនាវាមុជទឹក កាលពីខែមុនផងដែរ៕