(ប៉េកាំង)៖ បេសកកម្មស្រាវជ្រាវភពអង្គារ ធានវិន-១ (Tianwen-1) នៅថ្ងៃពុធនេះត្រូវបានបញ្ជាឲ្យ បន្ទាបខ្លួនទៅកាន់គន្លងគោចរថ្មីមួយទៀត ដើម្បីត្រៀមខ្លួនចុះចត ដែលគន្លងគោចរមួយនេះ គឺស្ថិតនៅជារង្វង់ព័ទ្ធជុំវិញភពអង្គារ (ឆ្ងាយបំផុត ៥៩,០០០គីឡូម៉ែត្រ និងកៀកបំផុត ២៨០គីឡូម៉ែត្រ)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ការបន្ទាបខ្លួនមកកាន់គន្លងគោចរថ្មីរបស់ Tianwen-1 ត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៦៖២៩នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយសម្រាប់រយៈកម្ពស់ខាងលើនេះ Tianwen-1 នឹងត្រូវចំណាយពេល ២ថ្ងៃនៃភពអង្គារ (១ថ្ងៃលើភពអង្គារ មានរយៈពេល ៤០នាទីយូរជាងមួយថ្ងៃលើផែនដី) ដើម្បីគោចរជុំវិញភពក្រហមនេះបានមួយជុំ។

គួរបញ្ជាក់ថា យាន Tianwen-1 ដែលនៅក្នុងនោះមាន ផ្កាយរណប (orbiter) ចំនួនមួយគ្រឿង, ជើងទម្រសម្រាប់ចុះចត (Lander) មួយគ្រឿង និងគ្រឿងយន្តចល័ត (Rover) មួយគ្រឿង បានទៅដល់ភពព្រះអង្គារ កាលពីថ្ងៃទី១០ ខែកុម្ភៈ។ Tianwen-1 នឹងទម្លាក់ Lander ព្រមទាំង Rover ចុះទៅលើផ្ទៃភពអង្គារ នៅរយៈពេលយ៉ាងហោចណាស់ ៣ខែទៀត ដើម្បីធ្វើការស្រាវជ្រាវជាផ្លូវការ ចំពោះវត្តមានជីវិតក្នុងទម្រង់ណាមួយកាលពីអតីតកាល និងអ្វីៗដែលភពអង្គារនៅមានដល់បច្ចុប្បន្ន៕