(ហាណូយ)៖ វៀតណាមបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ជាជំហានដំបូងចំនួន ១១៧,០០០ដូសនៅថ្ងៃពុធនេះ មុនពេលកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នឹងចាប់ផ្តើមនៅខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាមបាននិយាយថា វ៉ាក់សាំងដែលបានមកដល់ទីក្រុងហូជីមិញ តាមជើងហោះហើរពីប្រទេសកូរ៉េខាងត្បូង នឹងត្រូវប្រើដើម្បីចាក់ជូនដល់មនុស្សជាង ៥ម៉ឺននាក់ដែលត្រូវបានគេមើលឃើញថាមានហានីភ័យខ្ពស់បំផុត។

យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Trung Kwok Kwung បានទៅទទួលវ៉ាក់សាំងទាំងនោះ នៅឯព្រលានយន្តហោះដែលត្រូវបានដឹកតាមយន្តហោះពីទីក្រុងសេអ៊ូល។

ក្រុមហ៊ុនអេសខេ បាយអូសាយអិន(SK Bioscience) នៅកូរ៉េខាងត្បូង មានរោងចក្រដែលត្រូវបានអនុញ្ញាតឲ្យផលិតវ៉ាក់សាំង AstraZeneca។

រដ្ឋាភិបាលវៀតណាមបាននិយាយថា កញ្ចប់ដែលបានមកដល់នៅថ្ងៃពុធនេះគឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ៣០លាន ដែលនឹងត្រូវបាននាំយកមកដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់វៀតណាម ដែលជាក្រុមហ៊ុនបង្កើតឡើងដើម្បីដោះស្រាយការនាំចូលនិងចែកចាយវ៉ាក់សាំង។

គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេហ៍មួយនេះត្រូវបានគេរំពឹងថា នឹងទទួលបាននូវវ៉ាក់សាំងចំនួន ១.៣លានដូសបន្ថែមទៀតនៅចុងខែមីនា និង៩.៥លានដូសក្នុងត្រីមាសទី២។ ចំណែក ២៥.៩លានដូសនឹងមកដល់ក្នុងកំឡុងត្រីមាសទី៣ និង៥១.១លានដូសនៅត្រីមាសចុងក្រោយ៕