(រីយ៉ាដ)៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ទើបតែបានយាងចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការវះកាត់ជំងឺរលាកខ្នែងពោះវៀន (ពោះវៀនដុះខ្នែង) ដោយជោគជ័យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ព្រះរាជវាំងអារ៉ាប៊ីសាអូឌីតនៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយថា ព្រះអង្គម្ចាស់ bin Salman បានទទួលការវះកាត់ យកខ្នែងពោះវៀនរបស់ទ្រង់ចេញកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយពីបានរងការរលាក ខណៈប្រតិបត្តិការវះកាត់បានប្រព្រឹត្តទៅ នៅមន្ទីរពេទ្យឯកទេសព្រះចៅ ហ្វៃសាល់ (Faisal) ដែលស្ថិតក្នុងរាជធានីរីយ៉ាដ ដោយជោគជ័យ។ ក្រោយវះកាត់រួចរាល់ ទ្រង់ក៏បានយាងចេញពីមន្ទីរពេទ្យវិញហើយដែរ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាបុត្ររបស់ព្រះចៅ សាល់ម៉ាន់ (Salman) បច្ចុប្បន្នមានព្រះជន្ម ៣៦ព្រះវស្សា ខណៈបិតាទ្រង់មានព្រះជន្ម ៨៥ព្រះវស្សា។ ទ្រង់បានពង្រឹងអំណាចយ៉ាងរឹងមាំ នៅក្នុងព្រះរាជាណាចក្រអារ៉ាប់មួយនេះ ចាប់តាំងតែពីត្រូវបានតែងតាំងជាព្រះរាជទាយាទ កាលពីឆ្នាំ២០១៧៕