(បរទេស)៖ ថ្មីៗកន្លងទៅនេះ កាសែតញូវយ៉កថែមស៍បានចុះផ្សាយរូបភាពមួយ ដែលផ្ទុកចំណុចខ្មៅចំនួន៥សែននៅទំព័រមុខរបស់ខ្លួន ក្នុងន័យតំណាងឱ្យមនុស្សចំនួន៥សែននាក់ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។ តួលេខនេះ គឺច្រើនជាងចំនួនសរុបរបស់កងទ័ពអាមេរិក ដែលបានស្លាប់ក្នុងសង្រ្គាមលោកលើកទីមួយ សង្រ្គាមលោកលើកទីពីរ និងសង្គ្រាមវៀតណាមទៅទៀត ។

បន្ថែមលើបញ្ហារីករាលដាលនៃកូវីដ១៩ មនុស្សរាប់សិបនាក់នៅអាមេរិក ក៏បានបាត់បង់ជីវិតដោយសារព្យុះព្រិលរដូវរងាផងដែរ។ នៅរដ្ឋ Texas ដោយសារតែប្រឈមនឹងភាពខ្វះខាតការផ្តត់ផ្គង់អគ្គិសនី ចំពោះមុខស្ថានភាពអាកាសធាតុដ៏អាក្រក់បែបនេះ ប្រជាជនអាមេរិកជាច្រើននាក់ បានទទួលរងភាពរងារហូតដល់ស្លាប់នៅបន្ទប់គេង ក្នុងរថយន្ត និងនៅទីលានរបស់ផ្ទះខ្លួន ក្នុងនោះក៏រួមមានទាំងកុមារផងដែរ ។

ប្រការនេះបានបង្ហាញឱ្យឃើញនូវសោកនាដកម្មរបស់ប្រជាពលរដ្ឋអាមេរិក ដែលបាននិងកំពុងទទួលរងគ្រោះមហន្តរាយទាំងពីរ ពោលគឺ ការរាតត្បាតនៃជំងឺឆ្លង និងគ្រោះមហន្តរាយធម្មជាតិ។ ជុំវិញរឿងនេះមជ្ឈដ្ឋានខាងក្រៅចង់សួរថា៖ តើមកពីមូលហេតុអ្វីបានជាសោកនាដកម្មគួរឱ្យអាណិតអាសូរ បានកើតឡើងម្តងហើយម្តងទៀត នៅកំពូលប្រទេសមហាអំណាចតែមួយគត់លើពិភពលោកយ៉ាងដូច្នេះ?

«ការតម្កល់ទុកផលប្រយោជន៍នយោបាយជាអាទិភាព» ជាមូលហេតុសំខាន់ទីមួយ ដែលបណ្តាលឱ្យគ្រោះមហន្តរាយធម្មជាតិ ប្រែទៅជាគ្រោះមហន្តរាយដែលបង្កដោយមនុស្ស។ នៅពេលជំងឺកូវីដ១៩ ទើបផ្ទុះឡើងដំបូង អ្នកនយោបាយអាមេរិកមិនផ្តោតសំខាន់ទៅលើការរីករាលដាលនៃជំងឺឆ្លងក្នុងស្រុកនោះទេ បែរជាសម្រុកលក់មូលបត្រមុនពេលទីផ្សារភាគហ៊ុនធ្លាក់ចុះ ដែលបានធ្វើឲ្យខកខានពេលវេលាដ៏សំខាន់ ជាគន្លឹះសម្រាប់ទប់ទល់នឹងការរីករាលដាលនៃជំងឺឆ្លងរាតត្បាតជាសកលនេះ។

ដោយឡែក ខណៈព្យុះព្រិលជិតបោកបក់មកដល់ ដើម្បីយករួចខ្លួន លោក Ted Cruz ដែលសមាជិកព្រឹទ្ធសភានៃរដ្ឋ Texas បាននាំក្រុមគ្រួសារទៅលេងកំសាន្តនៅប្រទេសម៉ិកស៊ិកធ្វើព្រងើយ។ បើស្វែងយល់មូលហេតុឲ្យកាន់តែស៊ីជម្រៅអាចឃើញថា
គុណវិបតិ្តនៃប្រព័ន្ធដឹកនាំរបស់អាមេរិក គឺការចែកដាក់ពីគ្នាផ្នែកនយោបាយ ដែលជាមូលហេតុនៅពីក្រោយការដែលអាមេរិកកើតជួបប្រទះសោកនាដកម្មជាបន្តបន្ទាប់។

ប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ភ្លាមៗ រដ្ឋាភិបាលអាមេរិកមិនបានប្រញាប់ដាក់ចេញវិធានការបង្ការតឹងរ៉ឹង ដូចជាការកំណត់ឲ្យពាក់ម៉ាស់ជាដើម ហើយមិនមានមធ្យោបាយជំរុញផែនការជំនួយឧបត្ថម្ភលើវិស័យសេដ្ឋកិច្ចច្បាស់លាស់ ចំណែក យុទ្ធសាស្រ្តចែកចាយបរិក្ខារវេជ្ជសាស្ត្រ និងការងារចាក់វ៉ាក់សាំងដ៏ដូចគ្នា ខណៈដែលបក្សនយោបាយទាំងពីររបស់អាមេរិក បានវាយប្រហារគ្នាទៅវិញទៅមក គិតតែសន្លឹកឆ្នោតនិងផលប្រយោជន៍របស់ពួកមូលធន ដូច្នេះហើយកត្តាទាំងអស់នេះបានកាត់បន្ថយយ៉ាងខ្លាំងនូវប្រសិទ្ធភាព ក្នុងការឆ្លើយតប ក៏ដូចជាទប់ទល់នឹងជំងឺកូវីដ១៩។

ប្រឈមនឹងការដាច់ចរន្តអគ្គីសនីនៅរដ្ឋ Texas គឺដូចរាល់ដងដែរ ដោយអ្នកនយោបាយអាមេរិកមិនផ្តោតសំខាន់ទៅលើ ការងារជួយសង្គ្រោះប្រជាជននោះទេ បែរជាប្រញាប់ប្រញាល់ច្រានចោលទំនួលខុសត្រូវទៅវិញ ។

បើសិនជាអ្នកនយោបាយអាមេរិកមិនយកចិត្តទុកដាល់ដល់សុវត្ថិភាពអាយុជីវិត និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ គ្រាន់តែបណ្តោយឱ្យការចែកដាក់ពីគ្នាខាងនយោបាយមានភាពកាន់តែធ្ងន់ធ្ងរ និងបណ្តោយឱ្យអ្នកអាត្មានិយមកាន់កាប់រដ្ឋអំណាច នោះមិនថា និយាយពាក្យស្លោកល្អៗច្រើនយ៉ាងណាក្តី ក៏សុទ្ធតែមិនបានការដែរ ទីបំផុតពួកគេក៏ពិតជានឹងបាត់បង់ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋជាមិនខាន៕