(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា COVID-19 សម្រាប់ដូសដំបូងជូនដល់ក្រុមមនុស្សដែលនៅក្នុងមជ្ឈមណ្ឌលថែទាំ ដែល វាជាការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជាមួយក្ដីសង្ឃឹមថា នឹងអាចស្តារភាពប្រក្រតីឡើងវិញនៅចុងឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រជាជន និងបុគ្គលិកជាង៥,២៦០នាក់នៅក្នុងមជ្ឈមណ្ឌលថែទាំ ដែលរួមមានមជ្ឈមណ្ឌលថែទាំផ្នែកចិត្តសាស្រ្ត និងមជ្ឈមណ្ឌលស្តារនីតិសម្បទាចំនួន ២១៣កន្លែង នៅថ្ងៃសុក្រនេះ នឹងទទួលបានការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងរបស់ពួកគេ ដោយប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិត ឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ខណៈប្រជាជន និងបុគ្គលិកនៅក្នុងមជ្ឈមណ្ឌលថែទាំរយៈពេលវែងចំនួន ២៩២កន្លែងទៀត ក៏នឹងទទួលបានការចាក់វ៉ាក់សាំងនេះផងដែរ។

ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងក្រុមអ្នកជំនាញផ្នែកសុខភាពផ្សេងទៀត ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 នឹងចាប់ផ្តើមទទួលការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) ចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះតទៅ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងគ្រោងនឹងចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងជូនដល់ប្រជាជន និងបុគ្គលិកប្រហែល ៣៤៤,០០០នាក់នៅក្នុងមជ្ឈមណ្ឌលថែទាំ រយៈពេលវែង ដែលរួមមានមជ្ឈមណ្ឌលថែទាំផ្នែកចិត្តសាស្ត្រ និងមជ្ឈមណ្ឌលស្តារនីតិសម្បទា និងបុគ្គលិកពេទ្យជួរមុខចំនួន ៥៥,០០០នាក់ទៀត នៅក្នុងខែមីនាខាងមុខនេះ៕