(រ៉ង់ហ្គូន)៖ ប៉ូលិសបានបើកប្រតិបត្តិការវាយឆ្មក់ បង្ក្រាបក្រុមបាតុករទាំងយប់ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯសង្កាត់មួយកន្លែងក្នុងទីក្រុងរ៉ង់ហ្គូន ខណៈធនាគារពិភពលោក (World Bank) ប្រកាសលុបចោលគម្រោងមួយចំនួន ជាមួយរបបដឹកនាំថ្មីនៅមីយ៉ាន់ម៉ា ជុំវិញការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

អំពើហិង្សាបានផ្ទុះឡើងនៅតាមដងផ្លូវ នៃសង្កាត់ពាណិជ្ជកម្មមួយក្នុងទីក្រុងរ៉ង់ហ្គូន ក្រោយក្រុមអ្នកស្មោះស័គ្រនឹងយោធាមួយចំនួន នៅក្នុងចំណោមមនុស្ស ១,០០០នាក់ ដែលប្រមូលផ្ដុំគ្នាបង្ហាញការគាំទ្រដល់យោធា បានវាយប្រហារទៅលើក្រុមបាតុករ ដែលកំពុងនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។

បើតាមប្រព័ន្ធផ្សព្វផ្សាយ បាតុករប្រឆាំងយោធាជាច្រើននាក់ ត្រូវបានមនុស្សមួយក្រុមវាយនឹងដំបង ហើយខ្លះទៀតបានប្រើកាំបិតចាក់ឱ្យមនុស្ស ០២នាក់រងរបួស។ ដោយឡែក អំពើហិង្សាមួយផ្សេងទៀងក្នុងថ្ងៃដដែល ក៏បានកើតឡើងផងដែរ ដោយប៉ូលិសបានវាយឆ្មក់ បង្រ្កាបក្រុមបាតុករនៅឯសង្កាត់ តាំវ៉េ (Tamwe) នៃទីក្រុងរ៉ង់ហ្គូន ខណៈដែលពួកកំពុងតវ៉ាប្រឆាំងនឹង ការដកតំណែងមន្ត្រីស៊ីវិលម្នាក់នៅក្នុងតំបន់នេះ។

គួរបញ្ជាក់ថា ធនាគារពិភពលោក World Bank កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក៏បានប្រកាសលុបចោលគម្រោងមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ាផងដែរ ជាការឆ្លើយតបទៅនឹង ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ។ ធនាគារពិភពលោកកាលពីឆ្នាំ២០២០ បានយល់ព្រមផ្ដល់ជំនួយក្រោមរូបភាពជាកម្ចី និងជំនួយឥតសំណងច្រើនជាង ៣៥០លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ាប្រយុទ្ធប្រឆាំងនឹង ការឆ្លងរាតត្បាត COVID-19 ព្រមទាំងគាំទ្រដល់កសិករ និងការអភិវឌ្ឍជនបទផងដែរ៕