(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤៥ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៣៧ករណី ជាករណីឆ្លងក្នុងស្រុក ដែលក្នុងនោះរួមមាន ១៩ករណីត្រូវបានរកឃើញនៅខេត្ត សាមុត សាខន (Samut Sakhon), ០៥ករណីនៅខេត្ត Nakhon Nayok និង ០៣ករណីទៀតនៅទីក្រុងបាងកក (Bangkok)។ ចំណែកឯ ០៨ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២៥,៨០៩ករណី ដែលក្នុងនោះរួមមាន ២៣,០៥៦ករណី ជាករណីឆ្លងក្នុងស្រុក និង ២,៧៥៣ករណីទៀត ជាករណីនាំចូល។ ចំណែកឯអ្នកស្លាប់វិញមានចំនួន ៨៣នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ២៤,៩៥២នាក់ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕