(ហ្សាការតា)៖ អនុប្រធានាធិបតីឥណ្ឌូនេស៊ីលោក Ma'ruf Amin បាននិយាយថា អត្តពលិកឥណ្ឌូនេស៊ីបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

អនុប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ថា កីឡាអត្តពលកម្មគឺជាក្រុមអាទិភាពដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងមុនគេ ជាពិសេសអ្នកដែលនឹងចូលរួមប្រកួតកីឡាក្នុងស្រុកនិងពិភពលោក។

លោក Amin បាននិយាយយ៉ាងដូច្នេះថា «ពួកគេ(អត្តពលិក)ត្រូវតែមានសុខភាពល្អ។ កុំឲ្យពួកគេខកខានក្នុងការចូលរួមក្នុងការប្រកួត ថ្បិតថាពួកគេអាចនឹងប្រឈមការឆ្លងជំងឺ COVID-19»

រដ្ឋមន្រ្តីក្រសួងយុវជននិងកីឡាលោក Zinedine Amali បានបញ្ជាក់ថា ការប្រកួតកីឡាអន្តរជាតិដែលត្រូវបានគេរំពឹងទុកជាខ្លាំង គឺការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូដែលនឹងត្រូវធ្វើឡើងនៅរដូវក្តៅនេះ។

ក្នុងដំណាក់កាលដំបូងនេះ អត្តពលិកចំនួន ៥០០០នាក់នៅប្រទេសឥណ្ឌូនេស៊ី នឹងត្រូវទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ទាប់មកអត្តពលិកចំនួន ៧,០០០នាក់ទៀត នឹងចាក់នៅដំណាក់កាលទី២ ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១មកម្លេះ ដោយមានគោលដៅចាក់ជូនដល់ ប្រជាជនចំនួន ១៨១,៥លាននាក់រហូតដល់ឆ្នាំ២០២២ខាងមុខនេះ ដើម្បីទទួលបានភាពស៊ាំជាសហគមន៍ និងបញ្ចប់ការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវនេះ៕