(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានផ្តល់ការអនុម័តយល់ព្រមជាឯកច្ឆន្ទ លើសេចក្តីសម្រេចមួយ ដែលសំដៅជំរុញលទ្ធភាពនៃការទទួលបាននូវវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសដែលមានបញ្ហាជម្លោះ និងប្រទេសដែលទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

វាគឺជាសេចក្តីសម្រេចទី០២ហើយស្តីពីជំងឺរាតត្បាតសកល COVID-19 ដែលត្រូវបានអនុម័តដោយ UNSC ចាប់តាំងវិបត្តិជំងឺនេះបានផ្ទុះឡើងកាលពីមួយឆ្នាំមុន។ សេចក្តីសម្រេចទី០១ ដែលត្រូវបាន UNSC អនុម័តកាលពីខែកក្កដា ឆ្នាំ២០២០ មានគោលដៅអំពាវនាវឲ្យមានបទឈប់បាញ់ នៅតាមតំបន់ជម្លោះប្រដាប់អាវុធទាំងឡាយ ដើម្បីផ្តោតទៅសម្រួលដល់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតនៃជំងឺ COVID-19។

ចំណែកសេចក្តីសម្រេច ដែលទើបត្រូវបានអនុម័តនៅថ្ងៃសុក្រសប្តាហ៍នេះ សង្កត់ធ្ងន់ទៅលើភាពចាំបាច់ជាបន្ទាន់នូវសាមគ្គីភាព សមធម៌ និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង COVID-19 នៅតាមប្រទេសដែលមានលទ្ធភាពតិចតួច ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺនេះ។ សេចក្តីសម្រេចដដែល ស្នើឲ្យបណ្តាប្រទេសអភិវឌ្ឍន៍ និងប្រទេសទាំងឡាយដែលមានលទ្ធភាព ជួយគ្នាបរិច្ចាគវ៉ាក់សាំងទៅកាន់ បណ្តាប្រទេសចំណូលមធ្យមនិងទាប ក៏ដូចជាប្រទេសដែលត្រូវការជាចាំបាច់។

គួរបញ្ជាក់ថា សេចក្តីសម្រេចខាងលើ ក៏ស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រួលឲ្យការទទួលបានវ៉ាក់សាំងប្រព្រឹត្តទៅ ដោយស្មើភាពនិងអាចទទួលយកបាន នៅក្រោមស្ថានការណ៍ជម្លោះប្រដាប់អាវុធក្តី ឬស្ថានការណ៍ទើបក្រោយជម្លោះក្តី ព្រមទាំងនៅក្រោមស្ថានភាពអាសន្នស្មុគស្មាញផ្នែកមនុស្សធម៌ក្តីផងដែរ។ បើតាម UN មនុស្សប្រមាណ១៦០លាននាក់នៅជុំវិញពិភពលោក កំពុងរស់នៅក្នុងស្ថានភាពបែបនេះ។ សេចក្តីសម្រេចនេះ ក៏ទទូចឲ្យប្រទេសជាសមាជិក ចាត់វិធានការទប់ស្កាត់ការប្រមូលវ៉ាក់សាំងគរទុករៀងៗខ្លួនថែមទៀតផង៕