(រ៉ង់ហ្គូន)៖ បាតុកម្មយ៉ាងក្តៅគគុកនៅតែបន្តកើតឡើង នៅទីក្រុងមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈប៉ូលិសទីក្រុងរ៉ង់ហ្គូននៅថ្ងៃសៅរ៍នេះ បានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ បាញ់បំបែកក្រុមបាតុករ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

ការបង្ក្រាបខាងលើនេះត្រូវបានធ្វើឡើង ក្រោយពីអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឲ្យអន្តរជាតិ ចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។

នៅថ្ងៃសៅរ៍នេះក្រុមជនជាតិដើម «មន» នៅមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នាដើម្បីរំលឹកទិវាជនជាតិមន ហើយពួកគេក៏បានចូលរួមជាមួយ ក្រុមជនជាតិភាគតិចផ្សេងទៀត ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលអន្តរជាតិបានចាត់ទុកថា ជារដ្ឋប្រហារយោធានោះផងដែរ។ បើតាមអ្នកឃ្លាំមើលស្ថានការណ៍នៅមីយ៉ាន់ម៉ា ប៉ូលិសបានធ្វើការបង្ក្រាប និងចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួនទៀតផងដែរ នៅថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា ក្រុមបាតុករដែលត្រូវបានបំបែក ដោយកងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា បានប្តេជ្ញាធ្វើបាតុកម្មបន្ថែមទៀត ហើយពួកគេក៏បានធ្វើការថ្កោលទោស ចំពោះសកម្មភាពបង្ក្រាប នៅទីក្រុងរ៉ង់ហ្គូននេះផងដែរ។ អតីតរដ្ឋធានីរបស់មីយ៉ាន់ម៉ា «រ៉ង់ហ្គូន ឬ Yangon» គឺជាទីក្រុងសេដ្ឋកិច្ចធំបំផុត ដែលមានប្រជាជនរស់នៅរហូតដល់ទៅជាង ៥លាន ៣សែននាក់៕