(ឡុងដ៍)៖ ម្ចាស់ក្សត្រិយ៍ អេលីហ្សាប៊ែតទីពីរ (Elizabeth II) នៃចក្រភពអង់គ្លេស ដែលមានព្រះជន្ម ៩៤ព្រះវស្សា កាលពីខែមុននេះ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ដូសដំបូងរបស់ទ្រង់រួចរាល់ ហើយពេលនេះទ្រង់បានលើកទឹកចិត្ត ឱ្យសាធារណៈជនអនុវត្តតាម ដោយមានបន្ទូលថា គ្មានការឈឺចាប់ទេ ហើយអ្នកដែលមានភាពភ័យខ្លាច ឬមិនមានទំនុកចិត្តនោះ គួរតែគិតពីសុវត្ថិភាពអ្នកដទៃដែលនៅជុំវិញខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

ម្ចាស់ក្សត្រិយ៍ និងព្រះស្វាមីរបស់ទ្រង់គឺព្រះអង្គម្ចាស់ ហ្វីលីព (Philip) ដែលមានព្រះជន្ម ៩៩ព្រះវស្សា បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ដូសដំបូងរួចរាល់ហើយ ពីសំណាក់គ្រូពេទ្យនៅឯព្រះរាជដំណាក់ វីនស័រ (Windsor Castle) នៃព្រះរាជវាំងចក្រភពអង់គ្លេស ដោយព្រះជន្មរបស់ទ្រង់ស្ថិតនៅក្នុងក្រុមអ្នកអាទិភាព ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងនេះ នៅក្នុងចក្រភពអង់គ្លេស។

ម្ចាស់ក្សត្រិយ៍បានមានបន្ទូល តាមរយៈការហៅវីដេអូទៅកាន់មន្រ្តីសុខាភិបាល ដែលត្រួតត្រាភាពអសកម្មនៅទូទាំងប្រទេសទាំងបួន នៃចក្រភពអង់គ្លេសថា «នៅពេលដែលអ្នកបានចាក់វ៉ាក់សាំង អ្នកពិតជាដឹងអំពីអារម្មណ៍ ដែលត្រូវបានការពារ ហើយខ្ញុំគិតថាវាពិតជារឿងសំខាន់ណាស់ ហើយបើតាមអ្វីដែលខ្ញុំអាចធ្វើបាន គឺពិតជាគ្មានគ្រោះថ្នាក់អ្វីទេ»

ម្ចាស់ក្សត្រីយ៍ បានមានបន្ទូលបន្ថែមទៀតថា «វាលឿនណាស់ ហើយខ្ញុំមានសំបុត្រជាច្រើនពីមនុស្សដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរបៀបដែលវាងាយស្រួលក្នុងការចាក់វ៉ាក់សាំង ហើយការចាក់វ៉ាក់សាំងនេះ វាពិតជាមិនការឈឺចាប់អ្វីទាំងអស់»

តួលេខពីអាជ្ញាធរអង់គ្លេសបានឲ្យដឹងថា ប្រជាជនប្រមាណ ១៨.៦លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ដូសដំបូងរបស់ពួកគេ ហើយតារាល្បីៗជាច្រើនរូបរួមមានតារាចម្រៀង លោក អ៊ែលតុន ចន (Elton John) និងតារាសម្តែង លោក ម៉ៃខឺល ខេន (Michael Caine) ក៏បានចូលរួមយុទ្ធនាការលើកទឹកចិត្ត ឱ្យសាធារណៈជនទទួលយកការចាក់វ៉ាក់សាំងនេះដែរ។

គួរបញ្ជាក់តាមរដ្ឋមន្រ្តីទទួលបន្ទុក ផ្នែកចាក់វ៉ាក់សាំងបង្ការ COVID-19 នៅចក្រអង់គ្លេសបានឲ្យដឹងនៅសប្តាហ៍នេះថា សាធារណៈជនចន្លោះពី ១១-១៥ភាគរយមានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនេះ ជាពិសេសក្នុងចំណោមក្រុមជនជាតិភាគតិច ខណៈមានការលេចឮព័ត៌មាន មិនពិតមួយចំនួនអំពីវ៉ាក់សាំង៕