(ប៉េកាំង)៖ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ ប្រទេសចិនដែលមានចំនួនប្រជាជន ១ភាគ៥ នៃចំនួនប្រជាជនសរុបនៅលើពិភពលោក បានប្រកាសយ៉ាងម៉ឺងម៉ាត់ទៅកាន់ពិភពលោកទាំងមូលថា «ទទួលបានជោគជ័យដោយគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ »។

ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ មានតែប្រទេសចិនតែមួយគត់ ដែលសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រដោយទ្រង់ទ្រាយធំ ក្នុងពេលដំណាលគ្នា ហើយបានធ្វើឱ្យប្រជាជនក្រីក្រ អាចចែករំលែកសមិទ្ធផលកំណែទម្រង់ និងការអភិវឌ្ឍ។ គំរូចិនក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិបាលកិច្ចធ្វើឱ្យសុបិនកាត់បន្ថយភាពក្រីក្រជាសកល អាចសម្រេចបានដោយពិតប្រាកដ។

នៅតំបន់ភ្នំ អ៊ូលីង ប្រទេសចិន ភូមិ Shibadong ដែលជាភូមិជនជាតិ Miao បានក្លាយជា “គំរូ” ក្នុងយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្ររបស់ចិន ដោយសារបានលុបបំបាត់ភាពក្រីក្រដោយចំគោលដៅ។ នៅឆ្នាំ២០១៨ លោក Boungnang Vorachith ប្រធានរដ្ឋនៃប្រទេសឡាវ ធ្លាប់អញ្ជើញទៅដល់ភូមិនេះ ដើម្បីស្វែងយល់ពីបទពិសោធន៍របស់ចិនក្នុង “ការលុបបំបាត់ភាពក្រីក្រដោយចំគោលដៅ»។ អ្នកភូមិ ban sor នៃទីក្រុងវៀងចន្ទន៍ប្រទេសឡាវ បានធ្វើដំណើរទៅដល់ភូមិនេះពីរលើក ដើម្បីផ្លាស់ប្តូរនិងរៀនសូត្រតាមបទពិសោធន៍ លុបបំបាត់ភាពក្រីក្ររបស់ចិន។
បច្ចុប្បន្នអ្នកភូមិឡាវបានប្រើប្រាស់បទពិសោធន៍ដាំដំណាំ និងចិញ្ចឹមសត្វរបស់ចិន បានបង្កើតក្រុមការងារចិញ្ចឹមសត្វគោ ដាំពោត និងត្បាញក្រណាត់ជាដើម ។ “ការលុបបំបាត់ភាពក្រីក្រដោយចំគោលដៅ” ធ្វើឱ្យភូមិនៅតំបន់ភ្នំអ៊ូលីងនៃប្រទេសចិន ទទួលការយកចិត្តទុកដាក់ ពីសំណាក់ពិភពលោកទាំងមូល។ ទស្សនាវដ្តី The Economist របស់អង់គ្លេសបានចុះផ្សាយអត្ថបទកោតសរសើរថា “ប្រទេសចិនជាវីរជនខាងវិស័យកាត់បន្ថយភាពក្រីក្រ។”

ដោយឡែក តាំងពីគម្រោងជំនួយបច្ចេកទេស ក្នុងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា ដែលឧបត្ថម្ភដោយប្រទេសចិន បានចាប់ផ្តើមអនុវត្តនៅស្រុកមុខកំពូល ខេត្តកណ្តាលមក ក្រុមអ្នកជំនាញចិនបានជួយកសាងលំនៅដ្ឋានថ្មី ដល់គ្រួសារក្រីក្រពិសេសចំនួន ៤២ គ្រួសារ បានកែសម្រួលលំនៅដ្ឋានដល់គ្រួសារអ្នកភូមិចំនួន ១៧៨ គ្រួសារ ។ ព្រមពេលជាមួយគ្នានេះ បានបណ្តុះបណ្តាលអ្នកភូមិដាំមេ្ទស ដាំផ្សិត ចិញ្ចឹមសត្វគោហើយនិងដាំបន្លែក្នុងផើងផ្កាងាយស្រួល ហើយបានជួយសាងសង់ រោងចក្រសាប៊ូលាងចានចំនួន ២ នៅក្នុងភូមិ ។
គម្រោងជំនួយបច្ចេកទេសក្នុងការកាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជាដែលឧបត្ថម្ភដោយប្រទេសចិននេះ បានជំរុញឱ្យភូមិក្រីក្រនៅស្រុកខ្មែរ ទទួលបានការអភិវឌ្ឍក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបានបំផុសឡើងនូវភាពរស់រវើកថ្មីទៀតផង។

ពីឆ្នាំ១៩៩៦ ដល់ដំណាច់ឆ្នាំ២០២០ ក្នុងក្របខណ្ឌកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ នៃអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ព្រមនិងកិច្ចសហប្រតិបតិ្តការត្រីភាគី ប្រទេសចិនបានចាត់បញ្ជូនអ្នកជំនាញចំនួនជាង ១១០០នាក់ទៅកាន់ប្រទេសជាង ៤០ នៅទ្វីបអាហ្វ្រិក អាស៊ី អាមេរិកឡាទីន តំបន់ការ៉ាប៊ីន និងតំបន់មហាសមុទ្រប៉ាស៊ីហិ្វកខាងត្បូង អ្នកជំនាញចិនបានធ្វើបទបង្ហាញ និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មចំនួនជាង ១ពាន់ផ្នែកទៅកាន់ប្រទេសទាំងនេះ ជាលទ្ធផល គម្រោងជំនួយទាំងនេះធ្វើឱ្យកសិកម្ម ប្រមូលផលកើនឡើងពី ៣០ភាគរយដល់ ៦០ភាគរយ និងប្រជាកសិករចំនួនជាង ១លាននាក់ទទួលបានផលប្រយោជន៍។

ការអនុវត្តជាក់ស្តែងដោយជោគជ័យរបស់ប្រទេសចិន បានផ្តល់ជម្រើសថ្មីដល់ប្រទេស និងជនជាតិនៅលើពិភពលោក ដែលមានក្តីសង្ឃឹមទាំងពន្លឿនការអភិវឌ្ឍន៍ផង និងចង់រក្សាភាពឯករាជ្យរបស់ខ្លួនផង។ “គំរូចិន” ជាច្រើន ដូចជាការយកឈ្នះលើឧបសគ្គ នៃការលុបបំបាត់ភាពក្រីក្រជាដើម បានបំភ្លឺផ្លូវសម្រាប់បង្កើត សហគមន៍វាសនាតែមួយរបស់មនុស្សជាតិ ហើយមុខជានឹងរួមចំណែកកាន់តែធំ ក្នុងការជំរុញការបង្កើតពិភពលោក ដែលប្រកបដោយសន្តិភាពយូរអង្វែង ភាពរុងរឿងជាមួយគ្នា និងមានភាពចុះសម្រុងគ្នាជាមិនខាន៕