(ហុងកុង)៖ តារាភាយន្តហុងកុងជើងចាស់ដ៏ល្បីឈ្មោះម្នាក់គឺលោក Ng Man-tat បានទទួលមរណភាពនៅថ្ងៃសៅរ៍នេះ ក្នុងវ័យ៧០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Taiwan News នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

មិត្តជិតស្និទ្ធរបស់លោក Ng បានឲ្យដឹងថា លោក Ng បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យ Union ក្នុងទីក្រុងហុងកុង កាលពីវេលាល្ងាចថ្ងៃសៅរ៍នេះ បន្ទាប់ពីរូបលោកត្រូវបានពិនិត្យរកឃើញថា មានជំងឺមហារីកថ្លើមកាលពីប៉ុន្មានខែមុន ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសុខភាពរបស់លោក Ng គឺបានធ្លាក់ចុះទន់ខ្សោយស្រាប់ទៅហើយ។

គួរបញ្ជាក់ថា លោក Ng Man-tat មានដើមកំណើតមកពីខេត្ត Fujian នៃប្រទេសចិន ហើយលោកបានប្រឡូកចូលក្នុងអាជីពជា តារាសម្តែងខ្សែភាពយន្តហុងកុង នៅអាយុ២២ឆ្នាំ។ ជាទូទៅលោកត្រូវគេស្គាល់ថា ជាដៃគូសម្តែងជាមួយកំពូលតារាភាពយន្តហុងកុងជើងចាស់ម្នាក់ទៀត គឺលោក Stephen Chow ហៅ ទិនហ្វី ដោយអ្នកទាំងពីរបានសម្តែងរួមគ្នា នៅក្នុងខ្សែភាពយន្តហុងកុងបែបកំប្លែង ដែលល្បីៗជាច្រើន។ រឿងចុងក្រោយដែលលោក Ng Man-tat និងលោក Stephen Chow បានសម្តែងរួមគ្នាគឺ ភាពយន្ត Shaolin Soccer កាលពីពីរទសវត្សរ៍មុន៕