(អាហ្វ្រិក)៖ យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិត ក្នុងការវាយប្រហារជាច្រើនដំណាលគ្នា ដោយក្រុមឧទ្ទាម ADF-Ugandan នៅខេត្ត North Kivu និងខេត្ត Ituri នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោខាងកើត (DRC) ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅខេត្ត North Kivu យ៉ាងហោចណាស់មានជនស៊ីវិល ១០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ។ ចំណែកនៅខេត្ត Ituri ដែលស្ថិតនៅជិតខាង មានសាខាមួយទៀតនៃក្រុមឧទ្ទាមដូចគ្នា បានបើកការវាយប្រហារទៅលើភូមិ Buyeo ដោយបានសម្លាប់ជនស៊ីវិលចំនួន ០៦នាក់។

អ្នកនាំពាក្យកងទ័ពខេត្ត Ituri លោក Jules Ngongo បាននិយាយថា ក្រុមឧទ្ទាមបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ រហូតដល់យប់ជ្រៅ។

គួរបញ្ចាក់ថា អស់រយៈពេលជាច្រើនខែមកហើយ ដែលការបះបោរបរទេសរបស់ក្រុមឧទ្ទាម ADF-Ugandan បាននិងកំពុងធ្វើការវាយប្រហារដំណាលគ្នានៅខេត្តជិតខាងទាំងពីរ ទោះបីជាមានប្រតិបត្តិការយោធារបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោខាងកើត (DRC) ដែលគាំទ្រដោយបេសកកម្មរបស់អង្គការសហប្រជាជាតិក៏ដោយ៕