(អ៊ីរ៉ង់)៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក Ali Rabei បាននិយាយនៅថ្ងៃអង្គារនេះថា ការនិយាយអំពីការទូតដើម្បីដោះស្រាយបញ្ហាគឺជា«ការលាក់ពុត» សុទ្ធសាធ ដរាបណាសហរដ្ឋអាមេរិកមិនព្រមដកទណ្ឌកម្មចេញពីអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានចុះផ្សាយដោយដកស្រង់សម្តីរបស់លោក Rabiee យ៉ាងដូច្នេះថា ការអះអាងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកថាខ្លួន ជឿជាក់លើវិធីសាស្ត្រការទូតគឺគ្រាន់តែជា«វោហារសាស្រ្តលាក់ពុតនិងមិនអាចទទួលយក» ដោយគ្មានការលេចចេញជាសកម្មភាពជាក់ស្តែង នៃដកទណ្ឌកម្មចេញពីប្រទេសអ៊ីរ៉ង់វិញនោះទេ។

លោកបានមានប្រសាសន៍ថា «យើងជឿជាក់លើវិធីការទូតថា ពិតជាមធ្យោបាយតែមួយគត់ដើម្បីអាចចេញពីភាពជាប់គាំង ដែលបង្កើតឡើងដោយទីក្រុងវ៉ាស៊ីនតោនពិតមែន។ ប៉ុន្តែយ៉ាងហោចណាស់ ដើម្បីបញ្ជាក់ពីសុច្ឆន្ទៈ សហរដ្ឋអាមេរិកត្រូវតែបំពេញកាតព្វកិច្ចជាមូលដ្ឋាន ដែលខ្លួនត្រូវបំពេញ ក្រោមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៣១ ឲ្យបានជាមុនសិន»

ទន្ទឹមគ្នានោះ អ្នកនាំពាក្យរូបនេះបានទទូចដល់ប្រធានាធិបតីអាមេរិកលោក Joe Biden កុំឲ្យដើរតាមគន្លងរបស់ប្រធានាធិបតីមុន ដែលបានដាក់សម្ពាធអតិបរិមាប្រឆាំងនឹងសាធារណៈរដ្ឋអ៊ីស្លាម។

គួរបញ្ជាក់ថា ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅបាននិយាយថា ពេលវេលានេះមិនទាន់សមស្រប សម្រាប់ការជួបប្រជុំក្រៅផ្លូវការរវាងអ៊ីរ៉ង់ អឺរ៉ុប និងសហរដ្ឋអាមេរិកនៅឡើយទេ។ សហគមន៍អ៊ឺរ៉ុបក៏បានស្នើឲ្យមានកិច្ចប្រជុំក្រៅផ្លូវការរវាងអ៊ីរ៉ង់ និងភាគីដទៃទៀតដែរដើម្បីពិភាក្សាជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ(JCPOA) ដោយសហរដ្ឋអាមេរិកក៏ចូលរួមជាភ្ញៀវផងដែរ៕