(ម៉ូស្គូ)៖ រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី Biden បានប្រកាសនៅថ្ងៃអង្គារនេះអំពីការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ី ដើម្បីការឆ្លើយតបទៅនឹងការបំពុល និងចាប់ដាក់ពន្ធនាគារមេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានThe Hill នៅយប់ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់បានឲ្យដឹងថា រដ្ឋបាលរបស់លោកបៃឌិន កំពុងដាក់ទណ្ឌកម្មលើសមាជិក ៧រូបនៃរដ្ឋាភិបាលរុស្ស៊ី ហើយបានកំណត់អង្គភាពជាច្រើនដែលពាក់ព័ន្ធក្នុងការផលិតថ្នាំពុលជីវសាស្ត្រ។ ទណ្ឌកម្មទាំងនោះរួមមានទាំងមន្រ្តីរុស្ស៊ី និងមជ្ឈមណ្ឌលស្រាវជ្រាវរុស្ស៊ីដែលត្រូវបានសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មកាលពីខែតុលាកន្លងទៅ ពាក់ព័ន្ធនឹងការបំពុលមេបក្សប្រឆាំង Navalny កាលពីខែសីហា ឆ្នាំ២០២០។

មន្ត្រីរដ្ឋបាលអាមេរិករបស់លោកបៃឌិនបាននិយាយថា ការដាក់ទណ្ឌកម្មដែលត្រូវបានសម្របសម្រួលជាមួយដៃគូសហភាពអ៊ឺរ៉ុបនេះ បានកើតឡើងបន្ទាប់ពីក្រុមអ្នកស៊ើបការណ៍សម្ងាត់បានវាយតម្លៃដោយជឿជាក់ខ្ពស់ថា មន្ត្រីសន្តិសុខនៃសហព័ន្ធសហព័ន្ធរុស្ស៊ី (FSB) បានប្រើប្រាស់ឧស្ម័នពុលសរសៃប្រសាទឈ្មោះថា Novichok ដើម្បីបំពុលមេបក្សប្រឆាំងលោក Navalny ពិតមែនកាលពីខែសីហា ឆ្នាំ២០២០។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយយ៉ាងដូច្នេះថា «យើងកំពុងបញ្ជូនសញ្ញាច្បាស់មួយទៅកាន់ប្រទេសរុស្ស៊ីថា ផលវិបាកសម្រាប់ការប្រើប្រាស់អាវុធគីមី ពិតជាមានពិតមែន»

គួរបញ្ជាក់ថា លោក Navalny អាយុ ៤៤ឆ្នាំ ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួននៅព្រលានយន្តហោះ និងបញ្ជូនទៅឃុំឃាំងជាបណ្តោះអាសន្ន ក្រោយពីលោកបានត្រលប់មកពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់វិញ។ លោក Navalny ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់កាលពីខែសីហា ឆ្នាំ២០២០ ដោយសារតែលោកត្រូវគេដាក់ថ្នាំបំពុល ហើយក្រោយការជះសះស្បើយបានបន្តិច មេបក្សប្រឆាំងរុស្ស៊ីរូបនេះបានចោទប្រកាន់ត្រង់ៗតែម្តងថា លោក វ៉្លាឌីមៀ ពូទីន គឺជាអ្នកដែលស្ថិតនៅពីក្រោយករណីបំពុលនេះ៕