(វ៉ាស៊ីនតោន)៖ នៅទីបំផុតគណៈកម្មាធិការចារកម្ម នៃព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតក្នុងសំឡេងគាំទ្រជាឯកច្ឆន្ទ ឲ្យអ្នកការទូតជើងចាស់អាមេរិក មួយរូបគឺលោក វីលៀម ប៊ឺនដ៍ (William Burns) ធ្វើជានាយកថ្មីរបស់ទីភ្នាក់ងារ CIA។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

ព្រឹទ្ធសមាជិក ម៉ាក វ៉នណឺ (Mark Warner) ដែលជាប្រធានគណៈកម្មាធិការ ខាងលើនេះបានលើកឡើងថា «ការបោះឆ្នោតគាំទ្រដ៏លើសលុបទៅលើលោក Burns គឺជាសក្ខីភាពមួយ បង្ហាញអំពីគុណសម្បត្តិដែលមិនអាចប្រកែកបាន របស់លោកសម្រាប់តួនាទីនេះ ប្រកបដោយបទពិសោធន៍យូរអង្វែង នៅក្នុងបញ្ហាសន្តិសុខជាតិ និងការប្តេជ្ញាធរចិត្តគួរឲ្យកោតសរសើរ ចំពោះសេវាកម្មសាធារណៈ»

លោក Mark Warner ក៏បានបង្ហាញក្តីជឿជាក់ផងដែរថា ការទទួលស្គាល់យ៉ាងពេញលេញ ដោយព្រឹទ្ធសភាពេលនេះ នឹងជំរុញឲ្យលោក William Burns ត្រូវបានទទួលស្គាល់ក្នុងកាន់តំណែងជានាយក CIA ជាផ្លូវការ ដោយគ្មានការពន្យារពេលណាមួយនោះឡើយ។

គួរបញ្ជាក់ថា កំឡុងដំណើរការទទួលស្គាល់លោក William Burns ជានាយក CIA កាលពីខែកុម្ភៈកន្លងទៅនេះ អតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិកវ័យ ៦៥ឆ្នាំរូបនេះ បានបង្ហាញចំណាប់អារម្មណ៍របស់លោកថា ការប្រកួតប្រជែងជាមួយចិន និងប្រយុទ្ធប្រឆាំងភាពជាអ្នកដឹកនាំរបស់ចិន ដែលមានលក្ខណៈផ្ទុយស្រឡះពីអាមេរិកនោះ គឺជាគន្លឹះមួយដើម្បីថែរក្សាសន្តិសុខជាតិអាមេរិក៕