(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៦,៨៧៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៣៥០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៤៥៦,៣៧៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៣១,៦៥២នាក់ និងជាសះស្បើយឡើងសរុប ២០,០០៣,៣២៥នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងសរុបជាង ៧៦លានដូសហើយ ដល់ប្រជាជនរបស់ខ្លួន ឬស្មើនឹង ១៥.៣% នៃចំនួនប្រជាជនសរុប។ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានជំរុញឱ្យប្រជាជនអាមេរិកទាំងអស់ យល់ព្រមចាក់វ៉ាក់សាំងណាមួយក៏បាន ក្នុងចំណោមវ៉ាក់សាំងទាំង ៣ (Pfizer-BioNTech និងក្រុមហ៊ុន Moderna និងក្រុមហ៊ុន Johnson & Johnson) ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ដោយមិនត្រូវពន្យារពេលនោះទេ៕