(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ទើបតែបានចេញផ្សាយ «របាយការណ៍ស្តីពីរបៀបវារៈពាណិជ្ជកម្មឆ្នាំ២០២១ និងរបាយការណ៍ប្រចាំឆ្នាំ២០២០»។ ចែងក្នុងរបាយការណ៍ដែលមាន៣០៨សន្លឹកនេះ មានការលើកឡើងអំពី «ប្រទេសចិន» រហូតដល់៤៦៧លើក។

ប្រព័ន្ធសារព័ត៌មានបានចាប់អារម្មណ៍ថា ប្រទេសចិនជាប្រទេសតែមួយគត់ដែលត្រូវដាក់បញ្ចូលជាពិសេស ក្នុងបញ្ជីប្រទេសដែល «រដ្ឋាភិបាលរបស់លោក បៃដិននឹងទប់ទល់»។ បច្ចុប្បន្ននេះ អត្ថបទវិភាគកាន់តែច្រើនឡើងៗបានសម្គាល់ឃើញថា រដ្ឋាភិបាលរបស់លោក បៃដិន ទំនងជានឹងដើរតាមគន្លងផ្លូវប្រកាន់យកភាពបដិបក្ខគ្នាយ៉ាងខ្លាំងជាមួយប្រទេសចិនដដែល ដោយគ្រាន់តែ «កែប្រែរូបភាព តែមិនកែប្រែខ្លឹមសារនោះទេ»

លើវិស័យពាណិជ្ជកម្ម លោក បៃដិន គ្រោងនឹងបង្កើតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាប្រព័ន្ធ ដែលប្រសើរជាងរដ្ឋាភិបាលអាណត្តិមុន។ លើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ លោក បៃដិន ចង់អូសទាញសម្ព័ន្ធមិត្តដើម្បីរួមគ្នាប្រឆាំងតទល់ ជាមួយបច្ចេកទេសរបស់ប្រទេសចិន ហើយប៉ុនប៉ងនាំមុខប្រទេសចិនលើវិស័យភាពឆ្លាតវៃសិប្បនិមិត្ត ផ្នែកបន្ទះឈីបបច្ចេកវិទ្យា ក៏ដូចជាបច្ចេកទេសជឿនលឿនលើវិស័យសេដ្ឋកិច្ចនិងយោធា នៅពេលអនាគតផងដែរ។

អ្នកវិភាគបានវែកញែកថា ប្រទេសជាច្រើនទំនងជាមិនចង់ដើរតាមគំនិតរបស់លោក បៃដិន នោះទេ ហើយនឹងប្រើប្រាស់គោលនយោបាយអព្យាក្រិត សម្រាប់ទប់ទល់នឹងកម្លាំងសម្ពាធមកពីអាមេរិក។ ពិតមែនតែលើវិស័យមួយចំនួន ប្រទេសចិនមានភាពអន់ថយជាងអាមេរិកក៏ដោយ ក៏ប៉ុន្តែបច្ចេកទេសរបស់ចិនមានលក្ខណៈច្នៃប្រឌិតជាពិសេស ហើយក៏មានភាពនាំមុខមួយចំនួនដែរ។ ដូច្នេះប្រទេសមួយចំនួន កាន់តែមានឆន្ទៈធ្វើកិច្ចសហប្រតិបតិ្តការផ្នែកបច្ចេកទេស ជាមួយប្រទេសចិន។ ពិតមែនតែអាមេរិកដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសចិន ដើម្បីរក្សា «ឋានៈជាអ្នកនាំមុខគេ» របស់ខ្លួនក៏ដោយ ក៏ប៉ុន្តែនិយាយចំពោះប្រទេសដទៃទៀត គឺមិនសូវមានគោលបំណងយ៉ាងខ្លាំងដូចអាមេរិកប៉ុន្មាននោះទេ។

នាពេលថ្មីៗកន្លងទៅនេះ លោក William Galston អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់សមាគម Brookings របស់អាមេរិកបានចេញអត្ថបទលើកាសែត The Wall Street Journal ដោយបានទទួលស្គាល់នូវការទម្លាក់ថវិកា និងសមិទ្ធផលក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររបស់ប្រទេសចិន ហើយទន្ទឹមគ្នាក៏ព្រមានថា អាមេរិកគួរតែបន្ថែមថវិកាទៅលើ វិស័យសិក្សាស្រាវជា្រវវិទ្យាសាស្រ្ត បើពុំនោះសោត គឺហួសពេលហើយ។

នៅពីក្រោយអត្ថបទខាងលើរបស់លោក William Galston គឺនាពេលកន្លងទៅថ្មីៗនេះ ចំនួនស្នើសុំប្រកាសសិទ្ធិប៉ាតង់ផ្នែកវិទ្យាសាស្រ្ត-បច្ចេកវិទ្យា របស់ប្រទេសចិន និងចំនួននិកេ្ខបបទរបស់ចិនលើវិស័យវិទ្យាសាស្ត្រធម្មជាតិប្រចាំឆ្នាំ សុទ្ធតែច្រើនជាងអាមេរិក ដែលកាន់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោក។ ក្រៅពីនេះ នៅក្នុងសង្គមប្រទេសចិនទាំងមូល ថវិកាសម្រាប់សិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានកើនពី ១.៤២ទ្រីលានយាន់ប្រាក់ចិន កាលពីឆ្នាំ២០១៥ ឡើងដល់២.៤ទ្រីលានយាន់ប្រាក់ចិន កាលពីឆ្នាំ២០២០ ដែលបានជួយជំរុញដល់ការវិវឌ្ឍរីកចម្រើន នៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសរបស់ប្រទេសចិន។

គួរបញ្ជាក់ថា ប្រទេសចិននិងអាមេរិក បើសុខចិត្តធ្វើកិច្ចសហប្រតិបតិ្តការ នោះវានឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ប៉ុន្តែបើនៅប្រកាន់ភាពបដិបក្ខគ្នា នោះវានឹងធ្វើឱ្យខាតប្រយោជន៍ទាំងសងខាង។ នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី «Forbes» បានផ្សាយដំណឹងថា នៅឆ្នាំ២០២០ ប្រទេសចិនបានរំលងប្រទេសម៉ិកស៊ិក ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាមេរិកម្តងទៀត។

រឿងនេះគ្មានអ្វីគួរឱ្យសង្ស័យឡើយ ដ្បិតចិនបានផ្តល់ទីផ្សារដ៏ធំធេង និងមិនអាចប្រៀបផ្ទឹមបានដល់អាមេរិក ប៉ុន្តែមានលក្ខខណ្ឌទុកជាមុន គឺត្រូវធ្វើកិច្ចសហប្រតិបតិ្តការ ដោយមិនត្រូវប្រកាន់យកភាពបដិបក្ខគ្នានោះទេ។ យ៉ាងណាក្តី វាគួរឲ្យសោកស្តាយដែល មានប្រទេសធំមួយចំនួនតូច មានចេតនាអាក្រក់។ ដោយប្រឈមនឹងចេតនាអាក្រក់បែបនេះ ប្រទេសចិននឹងពុះពារឧបសគ្គអ្វីទាំងអស់ ឆ្ពោះទៅមុខយ៉ាងអង់អាចក្លាហាន៕