(វ៉ាស៉ីនតោន)៖ សភាតំណាងរាស្រ្ត (រដ្ឋសភា) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ស្តីពីការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំចំពោះស្ថាប័នប៉ូលិសអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

ការអនុម័តសេចក្តីព្រាងច្បាប់ខាងលើនៅរដ្ឋសភាអាមេរិក ធ្វើឡើងនៅរយៈពេល០៩ខែ បន្ទាប់ពីបុរសជនជាតិអាមេរិកស្បែកខ្មៅ ឈ្មោះ George Floyd បានបាត់បង់ជីវិត ក្រោមស្នាដៃប៉ូលិសស្បែកសនៅទីក្រុង Minneapolis នៃរដ្ឋ Minneapolis កាលពីចុងខែឧសភា ឆ្នាំ២០២០ ដែលបានយកជង្គង់សង្កត់កលោកដល់ទៅជិត៩នាទី រហូតធ្វើឲ្យលោកដាច់ខ្យល់ស្លាប់។ ការស្លាប់របស់បុរសស្បែកខ្មៅរូបនេះ បានញ៉ាំងឲ្យមានចលនាបាតុកម្មយ៉ាងកក្រើក នៅទូទាំងសហរដ្ឋអាមេរិកនាពេលនោះ ក្រោមគោលដៅទាមទារយុត្តិធម៌ឲ្យលោក Floyd ផ្ទាល់ ក៏ដូចជាឲ្យក្រុមពលរដ្ឋអាមេរិកស្បែកខ្មៅជារួម ហើយនិងការធ្វើកំណែទម្រង់ស្ថាប័នប៉ូលិស។

គួរបញ្ជាក់ថា ទោះបីជាឆ្លងផុតរដ្ឋសភាក៏ដោយ សេចក្តីព្រាងច្បាប់ហៅថា The George Floyd Justice in Policing Act នេះ ឥឡូវត្រូវប្រឈមនឹងផ្លូវដ៏លំបាក នៅព្រឹទ្ធសភាអាមេរិក ដែលគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ មានសំឡេងស្មើគ្នា ខណៈការបោះឆ្នោតនៅខាងរដ្ឋសភា ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ គឺវាពុំទទួលបានការគាំទ្រសូម្បីតែមួយសំឡេងពីបក្សសាធារណរដ្ឋ ដោយពួកគេរិះគន់សេចក្តីព្រាងច្បាប់នេះថា មានការរឹតត្បិតជ្រុលហួសហេតុលើសិទ្ធិប៉ូលិស ហើយនឹងធ្វើឲ្យកម្លាំងប៉ូលិសអាមេរិកចុះទន់ខ្សោយ៕