(សិង្ហបុរី)៖ ប្រជាជនសិង្ហបុរីដែលកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានណែនាំឲ្យចាកចេញពីប្រទេសនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលការប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា មានសភាពកាន់តែខ្លាំងឡើង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

ក្រសួងការបរទេសសិង្ហបុរី(MFA) នៅថ្ងៃព្រហស្បតិ៍នេះបានស្នើយ៉ាងទទូចដល់ប្រជាជនសិង្ហបុរីឲ្យពន្យាពេលរាល់ការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងពីការប៉ះទង្គិចគ្នាដែលកំពុងកើនឡើងជាប្រចាំរវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។

ទន្ទឹមនឹងនោះ ក្រសួងការបរទេសសិង្ហបុរី(MFA) ថែមទាំងជំរុញឲ្យប្រជាជនសិង្ហបុរី ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា គួរពិចារណាចាកចេញពីប្រទេសនេះឲ្យបានឆាប់តាមមធ្យោបាយពាណិជ្ជកម្ម ខណៈពេលដែលមធ្យោបាយនេះនៅតែអាចធ្វើបាន។

ទោះជាយ៉ាងណា MFA បាននិយាយថា «ប្រជាជនសិង្ហបុរីដែលជ្រើសរើសបន្តស្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវស្ថិតនៅក្នុងផ្ទះតាមតែអាចធ្វើទៅបាន និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ជាពិសេសទៅតំបន់ដែលកំពុងផ្ទុះបាតុកម្ម។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោច ៣៨នាក់បានស្លាប់កាលពីថ្ងៃពុធសប្ដាហ៍នេះ នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ដែលនេះគឺជាចំនួនអ្នកស្លាប់ ច្រើនបំផុតក្នុងបាតុកម្មតវ៉ា ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់ រដ្ឋាបាលស៊ីវិលរបស់លោកស្រីអោង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈមក៕