(សាន់ ហ្វ្រាន់ស៊ីស្កូ)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់មកប្រើប្រាស់គណនី YouTube របស់លោកវិញ លុះត្រាណាតែលោកបញ្ឈប់ការប្រើពាក្យសម្ដី ដែលមានលក្ខណៈញុះញង់ ឱ្យមានការប្រព្រឹត្តអំពើហិង្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

លោកស្រី ស៊ូសាន វូចស៊ីកគី (Susan Wojcicki) នាយកប្រតិបត្តិ (CEO) បណ្តាញសង្គម YouTube ធ្វើការអះអាងខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោកស្រី Susan បានគូសបញ្ជាក់ក្នុងឱកាសនោះថា «យើងនឹងលុបចោលការព្យួរ Channel របស់លោក ដូណាល់ ត្រាំ នៅពេលដែលយើងមើលឃើញថា ហានិភ័យនៃអំពើហិង្សាមានការថយចុះ»

ប៉ុន្តែដោយសារតែមានការព្រមានជាថ្មីពីការផ្ទុះឡើងនូវអំពើហិង្សា ប្រឆាំងវិមានសភាកាលពីថ្ងៃពុធលកន្លងទៅ លោកស្រីបន្ថែមថា ហានិភ័យនៃអំពើហិង្សានៅតែមានដដែល។ ដូច្នេះមានន័យថា គណនី YouTube របស់លោក ដូណាល់ ត្រាំ នៅតែបន្តផ្អាកដដែល។

គួរបញ្ជាក់ថា YouTube ដ៏ល្បីល្បាញនៅលើពិភពលោក បានចូលរួមជាមួយបណ្ដាញទំនាក់ទំនងសង្គមដទៃៗទៀតដូចជា Twitter និង Facebook ដោយបានសម្រេចចិត្តព្យួរគណនីរបស់លោក ដូណាល់ ត្រាំ កាលពីចុងខែមករាកន្លងទៅ ជាការឆ្លើយតបនឹងអំពើហិង្សា ដែលបង្កឡើងដោយក្រុមកុបករគាំទ្រលោក ត្រាំ នៅឯវិមានសភាក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី០៦ ខែមករា។

លោក ត្រាំ ត្រូវបានគេចោទប្រកាន់ថា បានបង្ហោះសារដោយពាក្យពេចន៍ញុះញង់ ឱ្យក្រុមអ្នកគាំទ្ររបស់លោកប្រព្រឹត្តអំពើហិង្សា រហូតដល់ធ្វើឱ្យត្រូវបានសភាតំណាងរាស្ត្រ បោះឆ្នោតចោទប្រកាន់ដកតំណែងជាលើកទី ២ តែនៅចុងក្រោយលោកនៅតែរួចខ្លួន ពីការចោទប្រកាន់នៅក្នុងសវនាការព្រឹទ្ធសភា ដោយសារសមាជិកសភាភាគច្រើនបំផុត នៃគណបក្សសាធារណរដ្ឋ នៅតែការពាររូបលោកដដែល៕