(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង (Li Keqiang) បានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងបន្តរារាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពរបស់ក្រុមបំបែកខ្លួនណាមួយ ដែលចង់ទាមទារឯករាជ្យឲ្យកោះតៃវ៉ាន់ ប៉ុន្តែចិនក៏នៅតែប្តេជ្ញាចិត្តផងដែរ ក្នុងការលើកស្ទួយទំនាក់ទំនងសន្តិភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

នៅក្នុងសមាជប្រចាំប្រចាំនៃសភាប្រជាជនចិន លោកនាយករដ្ឋមន្ត្រី លឺ ខឺជាំង ក៏បានរំលឹកផងដែរ អំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ «គោលនយោបាយចិនតែមួយ» ដោយមានចែងយ៉ាងច្បាស់ថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីចិនរូបនេះ ក៏បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត ក្នុងការលើកស្ទួយទំនាក់ទំនង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងការបង្រួបបង្រួមប្រជាជាតិចិន។

បន្ថែមពីខាងលើនេះទៀត លោក លី ខឺជាំង ក៏បានលើកឡើងផងដែរ អំពីការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់់របស់ចិន ដើម្បីប្រឆាំងនឹងក្រុមបំបែកខ្លួន ដែលកំពុងមានចេតនាស្វែងរកឯករាជ្យភាព ឲ្យកោះតៃវ៉ាន់។

គួរបញ្ជាក់ថា កាលពីអំឡុងពេលលោក ដូណាល់ ត្រាំ នៅកាន់អំណាច ទំនាក់ទំនងមិនមែនផ្លូវការទូតរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ត្រូវបានបង្កើនទៅកាន់កម្រិតថ្មីមួយទៀត ដោយមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន ត្រូវបានបញ្ជូនឲ្យមកបំពេញទស្សនកិច្ច នៅកោះនោះ ចំពោះមុខការព្រមានធ្ងន់ៗពីទីក្រុងប៉េកាំង។ ដោយឡែកសម្រាប់ រដ្ឋបាលលោក ចូ បៃដិន វិញក៏ត្រូវបានគេមើលឃើញថា នឹងតែនៅតែបន្តរក្សាភាពតានតឹងជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់នេះ ដដែលផងដែរ៕