(រ៉ូម)៖ ប្រទេសអ៉ីតាលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា ខ្លួនបានរារាំងការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ទៅកាន់ប្រទេសអូស្ត្រាលី ដែលវាជាការរារាំងការនាំចេញជាលើកដំបូងបង្អស់ក្រោមគ្រោងការណ៍ ត្រួតពិនិត្យវ៉ាក់សាំងរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

បទបញ្ជារបស់ទីក្រុងរ៉ូម ដែលរារាំងការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ២៥០,០០០ដូសត្រូវបានធ្វើឡើងដោយគណៈកម្មការសហភាពអឺរ៉ុប ដែលបានរិះគន់យ៉ាងខ្លាំងក្លាចំពោះក្រុមហ៊ុនផលិតឱសថ AstraZeneca ជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងមួយភាគតូចដែលក្រុមហ៊ុននេះបានសន្យាថា នឹងផ្ដល់ដល់ប្លុកអឺរ៉ុប។

ក្រសួងការបរទេសអ៉ីតាលី បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថាការដឹកជញ្ជូនត្រូវបានបញ្ឈប់ ដោយសារតែការខ្វះខាតវ៉ាក់សាំងនៅសហភាពអឺរ៉ុប និងនៅអ៉ីតាលី ព្រមទាំងការពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ទៅកាន់សហភាពអឺរ៉ុប និងអ៉ីតាលី។ វាក៏ដោយសារតែអូស្រ្តាលី មិនត្រូវបានគេចាត់ទុកថាជាប្រទេសដែលងាយរងគ្រោះខ្លាំងនៅក្នុងបរិបទនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះទេ ហើយចំនួនវ៉ាក់សាំង ជាច្រើនដូសត្រូវបានស្នើសុំផងដែរ។

ក្រសួងការបរទេសអ៊ីតាលី បានបន្ថែមថាក្រុមហ៊ុន AstraZeneca បានស្នើសុំលិខិតអនុញ្ញាតនាំចេញវ៉ាក់សាំងកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះដែរ ហើយទីក្រុងរ៉ូមបានបញ្ជូនសំណើនេះទៅកាន់គណៈកម្មការសហភាពអឺរ៉ុប ប៉ុន្តែរយៈពេល ០២ថ្ងៃក្រោយមក សំណើនេះត្រូវបានបដិសេធ ដោយសារតែការស្នើសុំនាំចេញវ៉ាក់សាំងជាច្រើនដូសពេក។

គួរបញ្ជាក់ថា គណៈកម្មាការសហភាពអឺរ៉ុប និងរដ្ឋាភិបាលអ៉ីតាលី បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនអ៉ីតាលីចំពោះភាពយឺតយ៉ាវ ក្នុងការចាប់ផ្ដើមចាក់វ៉ាក់សាំង ដែលវាត្រូវបានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២០ មកម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារតែការខ្វះខាតនៃវ៉ាក់សាំងនេះ។

រហូតមកដល់ពេលនេះ មនុស្សពេញវ័យចំនួន ១,៥លាននាក់ប៉ុណ្ណោះ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ និងបុគ្គលិកសុខាភិបាលត្រូវបានទទួល ការចាក់វ៉ាក់សាំងយ៉ាងពេញលេញនៅក្នុងប្រទេសដែលមានប្រជាជនសរុបចំនួន ៦០លាននាក់ និងជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងរ បំផុតដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវដែលបានសម្លាប់មនុស្សជិត ១០០,០០០នាក់នៅក្នុងប្រទេសនេះ៕