(ហ្សឺណែវ)៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សមួយរូប របស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខរបស់ UN គួរតែដាក់ទណ្ឌកម្មអាវុធជាលក្ខណៈអន្តរជាតិ ទៅលើយោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានមនុស្សស្លាប់ជាច្រើននាក់ កំឡុងការបង្រ្កាបបាតុកម្ម ដែលប្រឆាំងការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានអំពាវនាវឲ្យអន្តរជាតិធ្វើសកម្មភាពជាបន្ទាន់ ហើយផ្តល់ការគាំទ្រដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងព្យាយាមទាមទារឲ្យប្រទេសពួកគេ វិលទៅរកលទ្ធិប្រជាធិបតេយ្យដូចដើមវិញ។

បើតាមលោក Andrews ក្រុមប្រឹក្សាសន្តិសុខរបស់ UN គួរតែប្រញាប់ដាក់ទណ្ឌកម្មអាវុធជាលក្ខណៈអន្តរជាតិ ហើយដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចថែមទៀត ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាផ្ទាល់ ព្រមទាំងប្រភពចំណូលផ្សេងៗរបស់យោធា។ មន្រ្តី UN រូបនេះបានបន្តទៀតថា ស្របពេលទន្ទឹមគ្នា UN និងសហគមន៍អន្តរជាតិដាច់ខាត ត្រូវតែកុំទទួលស្គាល់ឲ្យសោះថា យោធាមីយ៉ាន់ម៉ាជារដ្ឋាភិបាលស្របច្បាប់ ក្រោយការទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី។

គួរបញ្ជាក់តាមរបាយការណ៍ពី UN ថា កំឡុងការបង្រ្កាបកាលពីថ្ងៃពុធសប្តាហ៍នេះ របស់កងកម្លាំងសន្តិសុខមីយ៉ាន់ លើក្រុមបាតុករប្រឆាំងការធ្វើរដ្ឋប្រហារ មនុស្សចំនួន ៣៨នាក់ទៀត ទើបតែបានបាត់បង់ជីវិត ដែលបាននាំឲ្យមនុស្សស្លាប់សរុប កើនឡើងដល់ ៥៤នាក់ គិតចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ បានកើតឡើង ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធា ប៉ុន្តែយោធាមីយ៉ាន់ម៉ាបានបដិសេធនោះ។ ក្រុមប្រឹក្សាសន្តិសុខ UN នឹងត្រូវបើកកិច្ចប្រជុំដើម្បីពិភាក្សាពីវិបត្តិនៅមីយ៉ាន់ម៉ា នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)៕