(ប៉េកាំង)៖ ថ្ងៃទី៤ ខែមីនា មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនបានសម្ពោធបើក ហើយពិភពលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើប្រទេសចិន។ ឆ្នាំ២០២១ គឺជាខួបទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក៏ជាឆ្នាំទីមួយនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ និងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយផងដែរ។

តើប្រទេសចិននឹងគ្រោងផែនទីផ្លូវអភិវឌ្ឍន៍ ក្នុងមួយរយៈកាលនៅពេលអនាគតដោយរបៀបណា? ហើយប្រទេសចិននឹងនាំមកនូវផលប្រយោជន៍អ្វីខ្លះ ដល់បណ្តាប្រទេសនានានៅលើពិភពលោក? សហគមន៍អន្ដរជាតិរំពឹងទុកទទួលដំណឹងល្អដែលគួរឱ្យមានក្តីរំភើបកាន់តែច្រើន ពីសំណាក់មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននៅឆ្នាំនេះ។

* ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤៖ ឆ្នាំនេះ មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននឹងពិនិត្យពិភាក្សា អំពីផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៤ និងសេចក្តីព្រាងច្បាប់ស្តីពីគោលដៅចក្ខុវិស័យរយៈពេលវែងឆ្នាំ២០៣៥។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបរទេសឱ្យដឹងថា ប្រការនេះនឹងជាខ្លឹមសារមួយនៃមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ ដែលទទួលការយកចិត្តទុកដាក់យ៉ាងទួលំទូលាយ។

យោងតាមការផ្សាយដំណឹងបានឱ្យដឹងថា នៅឆ្នាំ២០៣៥ ទំហំសេដ្ឋកិច្ចសរុបនិងប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៃប្រទេសចិននឹងកើនទ្វេដងបើប្រៀបធៀបនឹងពេលបច្ចុប្បន្ន ហើយគោលដៅនេះនឹងសម្រេចបានក្រោមពាក្យសន្យារបស់ចិន ស្តីពីការសម្រេចឱ្យបានបញ្ឈប់ការបញ្ចេញឧស្ម័នកាបូនលើសកម្រិត នៅត្រឹមឆ្នាំ២០៦០។ បើនិយាយចំពោះប្រទេសចិន នេះគឺជាបញ្ហាប្រឈមដ៏ធំធេងមួយ។

* គោលដៅអភិវឌ្ឍន៍៖ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនក្នុងឆ្នាំ២០២០ បានវាយទម្លុះ ១០០ទ្រីលានយាន់ប្រាក់ចិន ហើយផលិតផលក្នុងស្រុកសរុបបានកើនឡើង ២.៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។ ទោះបីជាទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែប្រទេសចិននៅតែបោះជំហានទៅមខុផ្ទុយនឹងនិន្នាការ ដែលក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់លើពិភពលោក ដែលបានសម្រេចកំណើនវិជ្ជមាន។

«២០៥៥ ២០៤៩» ជាតួលេខមួយចំនួនដែលបានលើកឡើងក្នុងការផ្សាយដំណឹងរបស់កាសែត The Korea Economic Daily កាលពីថ្ងៃទី ០៣ ខែមីនា។ តាមការផ្សាយដំណឹងបានឱ្យដឹងថា ប្រសិនបើសេដ្ឋកិច្ចចិនកើនឡើងទ្វេដងម្តងទៀតនៅឆ្នាំ២០៣៥ នោះ ប្រទេសចិននឹងលោតរំលងសហរដ្ឋអាមេរិក ក្លាយជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចធំបំផុតលើពិភពលោក ។ គោលដៅមួយទៀតរបស់ចិន គឺនឹងខំប្រឹងឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងខណៈពេលខួបទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅត្រឹមឆ្នាំ២០៤៩។

* ការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យា៖ ចាប់តាំងពីអនុវត្ត «ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣» មក ប្រទេសចិនបានទទួលសមិទ្ធផលប្រកបដោយលក្ខណៈសម្រេច ក្នុងការកសាងប្រទេសជាតិបែបច្នៃប្រឌិតថ្មី ដែលបានបង្កើតជាសភាពការណ៍ ដែលផ្តល់ថាមវ័ន្តដ៏រឹងមាំផែ្នកបច្ចេកវិទ្យា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អជីវភាពរស់នៅរបស់ប្រជាជននិងសន្តិសុខជាតិជាដើម។

នៅឆ្នាំ២០២០ លទ្ធផលជាផ្លែផ្កាខាងវិទ្យាសាស្ត្រ និងបច្ចេកទេសសំខាន់ៗនៃប្រទេសចិន ដូចជា យានអវកាសវាស់ស្ទង់ Chang E-5 និងយានអវកាសវាស់ស្ទង់ផ្កាយអង្គារ Tian wen-1ជាដើម បាននិងកំពុងគួរឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បញ្ហាដែលថា «តើប្រទេសចិននឹងពង្រឹង និងពង្រីកសមត្ថភាពបច្ចេកវិទ្យាជាតិតាមរបៀបណា?» នឹងក្លាយជាចំណុចយកចិត្តទុកដាក់ជាសកល។

ដោយសារភាពទាក់ទាញនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ដែលជិតនឹងប្រកាសដោយមហាសន្និបាតនៃសភាទាំងពីរ បានជាមូលធនជាសកលកំពុងនាំគ្នាចូលក្នុងទីផ្សារចិន។ គិតមកទល់ចុងខែកុម្ភៈ តម្លៃសរុបនៃប័ណ្ណរតនាគារចិន ដែលកាន់កាប់ដោយវិនិយោគិនបរទេសបានលើសពី ២ទ្រីលានយាន់ប្រាក់ចិន ជាលើកដំបូង ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្តម្តងទៀត។

រំពឹងថាផែនទីផ្លូវអភិវឌ្ឍនៅពេលអនាគតដែលបង្ហាញដោយប្រទេសចិន នឹងបញ្ជូននូវសញ្ញាវិជ្ជមានកាន់តែច្រើនទៅកាន់ពិភពលោក ហើយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ការអភិវឌ្ឍរបស់ពិភពលោកទាំងមូល៕