(រ៉ង់ហ្គូន)៖ បណ្តាញសង្គម YouTube ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះបានសម្រេចចិត្តលុបចោល គណនីផ្សព្វផ្សាយទូរទស្សន៍ (TV channels) ចំនួន ០៥ ដែលជាកម្មសិទ្ធិរបស់បណ្តាញផ្សព្វផ្សាយ នៃយោធាមីយ៉ាន់ម៉ា ហើយចំណាត់ការបែបនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការចូលរួម ដាក់សម្ពាធលើរដ្ឋាភិបាលយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន YouTube ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេគឺ អាល់ហ្វាប៊ែត អ៉ីញ (Alphabet Inc) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានសម្រេចចិត្តបិទ channels មួយចំនួន និងលុបចោលវីដេអូជាច្រើនចេញពី YouTube ស្របទៅតាមគោលការណ៍របស់យើង»។ ក្រុមហ៊ុន YouTube បានឱ្យដឹងទៀតថា channels ដែលត្រូវបានបិទ ឬលុបចោលក្នុងនោះរួមមាន channel របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ដែលជាកម្មសិទ្ធិរបស់យោធា MRTV, មីយ៉ាវ៉ាដឌី (Myawaddy), MWD វ៉ារ៉ាយអ៊ឺធី (MWD Variety) និង MWD មីយ៉ាន់ម៉ា (MWD Myanmar)។

គួរបញ្ជាក់ថា ក្រៅពី YouTube ក្រុមហ៊ុន Facebook ក៏បានបិទទំព័រហ្វេសប៊ុក (Facebook Page) របស់ប្រព័ន្ធផ្សព្វផ្សាយ MRTV ផងដែរកាលពីខែកុម្ភៈកន្លងទៅ ខណៈបច្ចុប្បន្ន Facebook បានបិទ page ទាំងអស់ដែលមានជាប់ពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា៕