(ម៉ូស្គូ)៖ នៅថ្ងៃអង្គារនេះរុស្ស៉ីបានបង្ហាញគោលជំហរប្រឆាំង ទៅនឹងការដាក់ទណ្ឌកម្ម លើរបបយោធានៅមីយ៉ាន់ម៉ា ហើយទីក្រុងម៉ូស្គូថែមទាំងបានព្រមានទៀតថា ទង្វើបែបនេះអាចបង្កឲ្យទៅជា ការផ្ទុះសង្រ្គាមស៉ីវិលទ្រង់ទ្រាយធំបាន នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី ត្រូវបានទីភ្នាក់ងារព័ត៌មានរុស្ស៉ី អ៉ីនធើហ្វាកស៍ (Interfax) ដកស្រង់សម្តីយ៉ាងដូច្នេះថា «ផ្លូវឆ្ពោះទៅរក ការគំរាមកំហែង និងការដាក់សម្ពាធ ដូចជាការប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹង អាជ្ញាធរមីយ៉ាន់ម៉ាបច្ចុបន្ន គឺពុំមានអនាគតនោះទេ ហើយគ្រោះថ្នាក់ជាទីបំផុត។ ទង្វើបែបនេះនឹងអាចរុញច្រានឲ្យមីយ៉ាន់ម៉ា ធ្លាក់ទៅក្នុងការផ្ទុះសង្រ្គាមស៉ីវិលទ្រង់ទ្រាយធំតែម្តង...»

គួរបញ្ជាក់ថា បណ្តាមហាអំណាចអន្តរជាតិមួយចំនួន បានដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា ដើម្បីជាការដាក់សម្ពាធ ប៉ុន្តែមកទល់ពេលនេះទាំងទណ្ឌកម្ម និងការទទូចឲ្យបញ្ឈប់អំពើហិង្សា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី គឺមិនបានបង្ហាញសញ្ញាថា មានប្រសិទ្ធភាពឡើយ ដោយយោធាមីយ៉ាន់ម៉ា នៅតែបន្តការបង្រ្កាបយ៉ាងចាស់ដៃ លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។ បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា មនុស្សច្រើនជាង ៥៥០នាក់ហើយបានស្លាប់៕