(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក ចូសេប អេស្រ្តាដា (Joseph Estrada) ត្រូវបានក្រុមគ្រូពេទ្យបំពាក់ឧបករណ៍ជំនួយការដង្ហើមនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដើម្បីសម្រួលដល់ការដកដង្ហើមរបស់លោក បន្ទាប់ពីលោកបានឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

លោក Joseph Estrada មានអាយុ៨៣ឆ្នាំ និងជាអ្នកនយោបាយហ្វីលីពីនដ៏មានឥទ្ធិពលម្នាក់បានឆ្លង COVID-19 និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីជាងមួយសប្ដាហ៍ មុនដោយមានរោគសញ្ញាស្រាល។ ប៉ុន្តែ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ កូនប្រុសរបស់លោក Estrada គឺលោក ជីងហ្គយ អេស្រ្តាដា (Jinggoy Estrada) បាននិយាយថាឪពុករបស់លោកស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រហូតដល់ថ្នាក់ត្រូវពាក់ឧបករណ៍ជំនួយការដង្ហើម។ «ឪពុករបស់ខ្ញុំគឺជាអ្នកចម្បាំងមួយរូប ដូច្នេះខ្ញុំសង្ឃឹមថាដោយមានការបន់ស្រន់របស់អ្នកទាំងអស់គ្នា គាត់នឹងយកឈ្នះលើជំងឺនេះ»។ នេះជាការគូសបញ្ជាក់របស់លោក ជីងហ្គយ។

គួរបញ្ជាក់ថា លោក Joseph Estrada ដែលជាអតីតតារាភាពយន្ដ និងជាអ្នកនយោបាយជើងចាស់ម្នាក់បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ១៩៩៨ ហើយលោក កាន់តំណែងនេះបានត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ពោលគឺរហូតដល់ឆ្នាំ២០០១ លោកត្រូវបានគេទម្លាក់ចេញពីតំណែង ក្រោយមានបាតុកម្មតវ៉ាប្រឆាំងនឹងរូប៕