(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ»។ សៀវភៅសនោះ បានរំលឹកឡើងវិញ ដោយគ្រប់ជ្រុងជ្រោយនូវ ដំណើរដ៏មហិមារបស់បក្សកុម្មុយនិស្តចិន ក្នុងការសាមគ្គីគ្នានិងដឹកនាំប្រជាជនចិនប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រនិងយកឈ្នះលើភាពក្រីក្រដាច់ខាត ក្នុងរយៈពេល១០០ឆ្នាំកន្លងមក ហើយបានឆ្លុះបញ្ចាំងដោយគ្រប់ជ្រុងជ្រោយនូវ សមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកចំពោះពិភពលោក។

ប្រការនេះបានបញ្ជាក់ម្តងទៀតនូវ ទស្សនៈរបស់អ្នកវិភាគមួយចំនួន ពោលគឺការកាត់បន្ថយភាពក្រីក្រដាច់ខាតរបស់ប្រទេសចិនជា «គម្រោងសិទ្ធិមនុស្សធំបំផុតនៅលើពិភពលោក» ផង ហើយក៏ជា «ការអនុវត្តជាក់ស្តែងលើវិស័យសិទិ្ធមនុស្សល្អបំផុត» ទៀតផង។ ដោយឡែក ឆ្នាំនេះជាខួបទី១០០នៃការបង្កើតបក្សកុម្មុយនិស្តចិន។ ចាប់ពីត្រូវបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនក៏ បានចាត់ទុកកិច្ចការស្វែងរកសុភមង្គលរបស់ប្រជាជនចិន និងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន ជាភារកិច្ចរបស់ខ្លួន។

ពីការបង្កើតប្រទេសចិនថ្មី ដែលយកប្រជាជនធ្វើជាម្ចាស់ផ្ទះ ដល់ការអនុវត្តគោលនយោបាយធ្វើកំណែទម្រង់ និងបើកទូលាយ រហូតដល់គ្រោងផែនការកាត់បន្ថយភាពក្រីក្រ ដែលចែកជាដំណាក់កាលនីមួយៗ សមាជិកបក្សកុម្មុយនិស្តចិនប៉ុន្មានជំនាន់ បានប្រកាន់ខ្ជាប់ស្មារតីឧស្សាហ៍ព្យាយាម និងតស៊ូខិតខំបំពេញភារកិច្ចរហូតដល់បានសម្រេចបាននូវ គោលដៅដោយជោគជ័យ។

ជាពិសេស តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោក ស៊ី ជីនភីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចាត់ចែងការងារដោយផ្ទាល់ បក្សកាន់អំណាចចិន បានគ្រោងយុទ្ធសាស្ត្រ ជួយលុបបំបាត់ភាពក្រីក្រ ដោយចំគោលដៅ ដើម្បីយកជ័យជម្នះលើការលុបបំបាត់ភាពក្រីក្រ ដែលមានទ្រង់ទ្រាយធំជាងគេ មានកម្លាំងខ្លាំងក្លាជាងគេ និងផ្តល់ផលប្រយោជន៍ដល់ ប្រជាជនច្រើនជាងគេ ក្នុងប្រវតិ្តសាស្ត្រមនុស្សជាតិ ដោយគិតជាមធ្យម ជារៀងរាល់ឆ្នាំ មានមនុស្សជាង១០លាននាក់ ដើរចេញផុតពីភាពក្រីក្រ។

សៀវភៅសដដែល បានឧទេ្ទសនាមថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ នៅប្រទេសចិន ភូមិភាគស្វយ័តជនជាតិភាគតិចចំនួន៥ ព្រមនិងខេត្ត Guizhou ខេត្តYunnan និងខេត្ត Qinghai ដែលមានជនជាតិភាគតិចស្នាក់នៅច្រើន បានកាត់បន្ថយប្រជាជនក្រីក្រសរុប ១៥.៦លាននាក់ ជនជាតិភាគតិចចំនួន២៨ ដែលមានប្រជាជនតិចបង្គួរ សម្រេចបាននូវការបម្រះខ្លួនចេញពីភាពក្រីក្រទាំងអស់។

ដោយឡែក ក្នុងចំណោមប្រជាជនក្រីក្រជិត១០០លាននាក់ ដែលសម្រេចបាននូវការបម្រះខ្លួនចេញពីភាពក្រីក្រ មានចំនួន៥០ភាគរយជាស្ត្រី ហើយបានបង្កើតដោយគ្រុងជ្រុងជ្រោយនូវរបបផ្តល់ប្រាក់ឧបត្ថម្ភកធនដល់មនុស្សចាស់ជរា ដែលមានការលំបាកខាងសេដ្ឋកិច្ច និងគ្មានសមត្ថភាពថែរក្សាខ្លួនឯងជាដើម ដែលបានផ្តល់អនុគ្រោះដល់មនុស្សចាស់ជរាចំនួន៣៦.៩លាននាក់។ ជនពិការក្រីក្រចំនួនជាង៧លាននាក់ សម្រេចបាននូវការបម្រះខ្លួនចេញពី ភាពក្រីក្រតាមពេលកំណត់ រីឯជនពិការចំនួន ១០.៦លាននាក់ បានត្រូវដាក់បញ្ចូល ក្នុងរបបធានាជីវភាពរស់នៅអប្បបរមា។ល។

កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីលុបបំបាត់ភាពក្រីក្រ និងធានាសិទ្ធិមនុស្សទទួលបាន ការកោតសរសើរពីសំណាក់ពិភពលោកទាំងមូល។ លោក Martin Jacques អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់សកលវិទ្យាល័យ Cambridge នៃប្រទេសអង់គ្លេសបានវាយតម្លៃថា ការលុបបំបាត់ភាពក្រីក្រដាច់ខាតជាសមិទ្ធផលដ៏អស្ចារ្យមួយ របស់បក្សកុម្មុយនិស្តចិន ក្នុងការផ្លាស់ប្តូរមុខមាត់របស់ប្រទេសចិន។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លង និងមានបម្រែបម្រួលមិនធ្លាប់មានក្នុងមួយរយឆ្នាំកន្លងទៅ ការអនុវត្តដោយជោគជ័យ និងបទពិសោធន៍ដ៏មានតម្លៃរបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ បានរួមចំណែកផែនការចិនក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិបាលកិច្ចជាសកល ហើយក៏បានបំពេញបន្ថែមកម្លាំងចលកររបស់ប្រទេសចិន ក្នុងការជំរុញការការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោកផងដែរ៕