(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦៦៨នាក់បន្ថែមទៀតនៅថ្ងៃអង្គារម្សិលមិញនេះដែលជាចំនួនករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី០៨ ខែមករាមក ចំពេលកំពុងមានការផ្ទុះការឆ្លងជាចង្កោម។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

បើតាមទិន្នន័យរបស់ KDCA ជាង ៦៣ភាគរយនៃករណីឆ្លងថ្មីៗខាងលើនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជិតខាង រួមទាំងខេត្តគ្យុងជី (Gyeonggi) ហើយករណីឆ្លងថ្មីៗខាងលើនេះ បាននាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ១០៦,៨៩៨នាក់ ខណៈចំនួនអ្នកស្លាប់សរុបក៏បានកើនឡើងដល់ ១,៧៥៦នាក់ផងដែរ បន្ទាប់ពីរកឃើញអ្នកស្លាប់ថ្មីៗចំនួន០៤នាក់។ ចំណែកឯ អ្នកជាសះស្បើយសរុបមានចំនួន ៩៧,៩២៨នាក់។

ជុំវិញនៃការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងនេះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន (Chung Sye-Kyun) បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំរដ្ឋាភិបាល នៅថ្ងៃពុធនេះថា «ប្រសិនបើរលកទី៤ នៃជំងឺ COVID-19 ពិតជាផ្ទុះឡើងមែន វាពិតជាមានការរំខានដល់ការចាក់វ៉ាក់សាំងរបស់យើង ហើយពិតជាមិនអាចចៀសផុតបានទេ ក៏ដូចជាការប៉ះទង្គិចដ៏ធំបំផុតដល់សេដ្ឋកិច្ចរបស់យើងផងដែរ។ តែទោះជាយ៉ាងណា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីទប់ស្កាត់រលកទី៤ តាមរយៈការប្រមូលផ្ដុំនូវគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ១លានដូសក្នុងចំណោមក្រុមបុគ្គលិកពេទ្យ និងក្រុមដែលមានហានិភ័យខ្ពស់ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកាលពីខែកុម្ភៈមកម៉្លេះ។ ប៉ុន្តែអាជ្ញាធរកំពុងប្រឈមនឹងប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនចំពោះការពឹងផ្អែកលើកម្មវិធី ចែកចាយវ៉ាក់សាំងសកលដែលមានឈ្មោះថា THEAX ដែលបានពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំងនេះ៕