(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា នៅត្រឹមថ្ងៃទី១៩ ខែមេសា ពលរដ្ឋអាមេរិកពេញវ័យទាំងអស់ នឹងអាចទទួលការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

លោក បៃដិន បានប្រកាសពីតារាងពេលវេលាថ្មីនេះ ក្រោយដំណើរទស្សនកិច្ចរបស់លោក ទៅកាន់មណ្ឌលចាក់វ៉ាក់សាំងមួយ ស្ថិតក្នុងទីក្រុង អេឡិចហ្សានឌ្រា (Alexandria) រដ្ឋ វើជីនៀ (Virginia) ហើយវាលឿនជាងការកំណាត់ទុកកាលពីមុនប្រហែលជិត ២សប្តាហ៍ ដោយតារាងពេលវេលាលើកមុន ត្រូវបានកំណត់នៅត្រឹមថ្ងៃទី០១ ខែឧសភា។

គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក វ៉ាក់សាំងប្រមាណជា ១៦៩លានដូសហើយ ត្រូវបានចាក់នៅក្នុងសហរដ្ឋអាមេរិក ក្នុងចំណោមវ៉ាក់សាំងជាង ២១៩លានដូសដែលត្រូវបានចែកចាយរួចរាល់ នៅទូទាំងប្រទេស។ បើតាមលោក បៃដិន វ៉ាក់សាំង ១៥០លានដូស ត្រូវបានចាក់ក្នុងរយៈពេល ៧៥ថ្ងៃដំបូង នៃការឡើងកាន់អំណាចរបស់លោក ដែលនឹងឈានទៅសម្រេចបានគោលដៅ នៃការចាក់ឲ្យគ្រប់ ២០០លានដូស មិនឲ្យលើសពី ១០០ថ្ងៃដំបូននៃអាណត្តិរបស់លោក៕