(គូឡាឡាំពួរ)៖ អតីតនាយរដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) កំពុងប្រឈមមុខនឹងការប្រកាសក្ស័យធនជុំវិញការបរាជ័យក្នុងការបង់ពន្ធ ច្រើនជាង ៤០០លានដុល្លារ ដែលអាចនឹងធ្វើឱ្យជីវិតនយោបាយរបស់លោកដើរដល់ទីបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។

កាលពីឆ្នាំ២០២០ តុលាការមួយក្នុងប្រទេសម៉ាឡេស៊ីបានបង្គាប់ឱ្យលោក ណាជីបដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រៅឃុំ និងជាសមាជិកសភាមួយរូបបង់ប្រាក់ពន្ធ ៤០៩លានដុល្លារដែលជំពាក់ចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧។ មកដល់ថ្ងៃអង្គារសប្ដាហ៍នេះ លោក ណាជីបខ្លួនឯងបាននិយាយថាមន្ត្រីពន្ធបានចេញ លិខិត មួយដោយស្នើឱ្យចូលខ្លួនមកដោះស្រាយ បើពុំដូច្នោះទេពួកគេនឹងអនុវត្តនីតិវិធីប្រកាសក្ស័យធនប្រឆាំងនឹងរូបលោក។

បើសិនជាលោក ណាជីបត្រូវបានគេប្រកាសថាក្ស័យធនមែន នោះអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៦៧ឆ្នាំរូបនេះអាចនឹងត្រូវបាត់បង់កៅអីជាសមាជិកសភាហើយ អាចនឹងត្រូវបានហាមឃាត់ក្នុងការចូលរួមក្នុងការបោះឆ្នោតផងដែរ។ យ៉ាងណាក៏ដោយ លោក ណាជីបបានអះអាងថាលោកតែងតែបានបង់ពន្ធជានិច្ចដោយ
ចាត់ទុកថាការចោទប្រកាន់លើរូបលោកគឺជាចេតនានយោបាយ។

គួរបញ្ជាក់ថា លោក ណាជីប រ៉ាក់ហ្សាក់ បានបាត់បង់អំណាចកាលពីឆ្នាំ២០១៨ បន្ទាប់ពីគណបក្សរបស់ចាញ់នៅក្នុងការបោះឆ្នោតសកលនៅពេលនោះ។ ក្រោយ អស់អំណាច លោកត្រូវបានគេចោទប្រកាន់ និងត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ១២ឆ្នាំ ពីបទរំលោភអំណាច និងពុករលួយមូលនិធិរដ្ឋ រាប់ពាន់លានដុល្លារ។ លោក ណាជីបបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមផ្តន្ទាទោសនេះរួចហើយ កាលពីដើមសប្ដាហ៍កន្លងទៅជាមួយ ការបញ្ជាក់ដដែលថាលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ៕