(វ៉ាស៊ីនតោន)៖ មន្ត្រីសុខាភិបាលអាមេរិកជាន់ខ្ពស់ម្នាក់ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមពីចក្រភពអង់គ្លេស បានក្លាយជាវីរុសសម្បូរជាងគេ នៅក្នុងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ហើយវាក៏ត្រូវបានគេជឿជាក់ដែរថា ជាមូលហេតុនៅពីក្រោយការកើនឡើង ករណីឆ្លងថ្មីៗទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) លោកស្រី រ៉ាឈែល វ៉ាលែនស្កាយ (Rachelle Walensky) បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស ឬមានឈ្មោះសម្គាល់ថា B.1.1.7 បច្ចុប្បន្នបានក្លាយជាវីរុសដែលសម្បូរជាងគេ នៅក្នុងសហរដ្ឋអាមេរិក... ដូច្នេះហើយទើបតម្រូវឱ្យមាន ការបង្កើនការធ្វើតេស្ដ ដើម្បីកំណត់អត្តសញ្ញាណ និងធ្វើចត្តាឡីស័កបុគ្គលដែលបានឆ្លងវីរុសនេះ»។

គួរបញ្ជាក់ថា លោកស្រី Rachelle Walensky ក៏បានជំរុញផងដែរឱ្យប្រជាជនអាមេរិកទាំងអស់ ចាក់វ៉ាក់សាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីបង្ការការឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី។ ក្រៅពីវីរុស B.1.1.7 សហរដ្ឋអាមេរិកបានរកឃើញដូចគ្នា នូវករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅក្នុង ប្រទេសអាហ្វ្រិកខាងត្បូង ដែលវីរុសទាំងនេះត្រូវបានគេជឿជាក់ថា ជាមូលហេតុនៅពីក្រោយនៃការកើនឡើងករណីឆ្លង ទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក៕