(រ៉ង់ហ្គូន)៖ តារាសម្តែង និងជាអ្នកចម្រៀងល្បីឈ្មោះមួយរូបផងដែរ នៅមីយ៉ាន់ម៉ាគឺលោក ផេង ថាខុន (Paing Takhon) ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីរូបលោកបានចូលរួមគាំទ្រ ចលនាប្រឆាំងរបបយោធាមីយ៉ាន់់ម៉ា ខណៈយោធាកំពុងតាមប្រមាញ់តារាសរុប ១២០នាក់ទៀត ដែលសុទ្ធតែជាអ្នកគាំទ្រដល់ចលនាប្រឆាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

ចលនាបាតុកម្ម និងការបង្ក្រាបជាបន្តបន្ទាប់ បាននិងកំពុងផ្ទះឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្រោយពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ មនុស្សជិត ៦០០នាក់ហើយបានស្លាប់ និងជាង ២,៥០០នាក់ទៀតត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា លោក Paing Takhon អាយុ ២៤ឆ្នាំ ដែលជាតារាល្បីឈ្មោះមួយរូប ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផង និងប្រទេសថៃផង ធ្លាប់បានបង្ហាញសកម្មភាព ប្រឆាំងរបបយោធានៅតាមដងផ្លូវ និងតាមរយៈការបង្ហោះនៅលើបណ្តាញសង្គម ដ៏មានប្រជាប្រិយរបស់ខ្លួនដូចជា Facebook និង Instagram ដែលមានអ្នកតាមដាន (Followers) ជាង ១លាននាក់នោះផងដែរ។

បើតាមសារព័ត៌មានក្នុងស្រុកនៅមីយ៉ាន់ម៉ា កងកម្លាំងយោធាមានគ្នាសរុប ៥០នាក់ និងរថយន្តយោធា ០៨គ្រឿង បានធ្វើដំណើរទៅចាប់ខ្លួនលោក Paing Takhon ដល់លំនៅឋានរបស់លោក ស្ថិតនៅក្នុងសង្កាត់ដាហ្គនខាងជើង (North Dagon) នៃទីក្រុងរ៉ង់ហ្គូន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ដោយឡែកបើតាមបងប្អូនស្រីរបស់លោក Paing Takhon វិញ តារាប្រុសរូបនេះកំពុងមានជំងឺធ្ងន់ស្រាប់ ហើយការចាប់ខ្លួន Takhon ដោយយោធាត្រូវបានធ្វើឡើងដោយស្ងប់ស្ងាត់ និងគ្មានការប្រើប្រាស់អំពើហិង្សាអ្វីឡើយ។ ទោះជាបែបនេះក្តី មិនទាន់មាននរណាដឹងថា តើលោក Paing Takhon ត្រូវបានយោធាចាប់ខ្លួនយកទៅទីណាឡើយ៕