(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីកំពុងពិចារណាថាតើត្រូវបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ AstraZeneca សម្រាប់កម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ខ្លួន ឬយ៉ាងណា បន្ទាប់ពីការត្រួតពិនិត្យរបស់ទីភ្នាក់ងារឱសថអឺរ៉ុប (EMA)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋមន្រ្តីសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំង លោក ខៃរី ហ្សាម៉ាលូដឌីន (Khairy Jamaluddin) នៅថ្ងៃព្រហស្បតិ៍នេះបានគូសបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ថាប្រទេសម៉ាឡេស៊ីមានការប្រុងប្រយ័ត្នជាខ្លាំងលើសេចក្តីប្រកាសរបស់ EMA ហើយថាគណៈកម្មាធិការចាក់វ៉ាក់សាំងនឹងពិចារណាលើបញ្ហានេះ។ លោក Khairy Jamaluddin បានគូសបញ្ជាក់បន្ថែមថា «សុវត្ថិភាព គឺសំខាន់បំផុត»

គួរបញ្ជាក់ថា EMA កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសថាខ្លួនបានរកឃើញករណីកកឈាមក្នុងចំណោមមនុស្សពេញវ័យមួយចំនួនដែលបានទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ AstraZeneca បើទោះបីជារកឃើញថាវ៉ាក់សាំងនេះមានគុណសម្បត្តិ ច្រើនជាងសហានិភ័យក៏ដោយ៕